បើតាមការព្យាករដែលរៀបចំឡើងដោយ សារព័ត៌មាន Bloomberg បានបង្ហាញថា សេដ្ឋកិច្ចប្រទេសហ្វីលីពីន គឺធ្លាក់ចុះខ្លាំងជាងគេ ដែលកាលពីដើមឆ្នាំ ២០២០ រំពឹងនឹងរក្សាបាននូវកំណើន ៦% ប៉ុន្តែនៅពេលនេះ គឺអាចធ្លាក់ចុះដល់ទៅ ៩% សម្រាប់ឆ្នាំ ២០២០នេះ ពោលគឺធ្លាក់ចុះដល់ទៅ ១៥ពិន្ទុភាគរយ។
ដោយឡែក សម្រាប់ប្រទេសថៃ ជាអ្នករងគ្រោះបន្ទាប់ ដោយបាត់បង់អស់ ១០ពិន្ទុភាគរយនៃសេដ្ឋកិច្ចជាតិ ខណៈប្រទេសម៉ាឡេស៊ី បាត់បង់ ៩,៨ពិន្ទុភាគរយ។
កាលពីសប្តាហ៍មុន ធនាគារកណ្តាលហ្វីលីពីន បានធ្វើការកាត់អត្រាគោលនយោបាយជាតិ ដើម្បីជួយស្រោចស្រង់ដល់សេដ្ឋកិច្ចដែលមានភាពទន់ខ្សោយ ដោយសារតែវិបត្តិមេរោគកូវីដ-១៩ និងគ្រោះធម្មជាតិ ដែលមានខ្យល់ព្យុះជាច្រើន កើតឡើងផ្ទួនៗគ្នា។
សម្រាប់ប្រទេសថៃ គឺអាចគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ-១៩បានល្អ ក៏ប៉ុន្តែ វិស័យទេសចរណ៍របស់ថៃ ត្រូវជាប់គាំងដោយសារតែការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិ ខណៈភាពចុះទន់ខ្សោយនៃតម្រូវការប្រើប្រាស់របស់សកលលោក បានធ្វើឲ្យការនាំចេញរបស់ថៃ ថមថយផងដែរ ដែលធ្វើឲ្យ សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះ ៧% ក្នុងឆ្នាំ ២០២០នេះ។
គួរជម្រាបដែរថា ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា ធ្វើបានល្អជាងគេបំផុត និងរងគ្រោះតិចជាងគេនៅក្នុងតំបន់ ដែលការព្យាករពីកំណើនសេដ្ឋកិច្ច ផ្លាស់ប្តូរពី ៣,៩% មកនៅត្រឹម ២,៨% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០នេះ៕