នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សានឆេស (Pedro Sánchez) បានប្រកាសថា ប្រទេសអេស្ប៉ាញ គ្រោងនឹងយកពន្ធរហូតដល់ទៅ១០០% លើលំនៅឋាន ដែលទិញដោយអ្នកមិនមែនជាពលរដ្ឋអចិន្ត្រៃយ៍ដែលរស់នៅក្នុងសហភាពអឺរ៉ុប ពោលគឺអ្នកទិញមកពីបណ្ដាប្រទេសនៅក្រៅសហភាពអឺរ៉ុប ដូចជាចក្រភពអង់គ្លេសជាដើម ហើយថា ការដាក់ចេញវិធានការដែលមិនធ្លាប់មានពីមុនមកនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងវិបត្តិលំនៅឋានក្នុងប្រទេសនេះ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកចាំបាច់ត្រូវតែចាត់វិធានការដើម្បីរារាំងទប់ស្កាត់កុំឱ្យសង្គមត្រូវពុះហែកជាពីរ ដែលមានការបែកចែកវណ្ណៈរវាងសង្គមអ្នកមានដែលជាម្ចាស់ផ្ទះជួល និងសង្គមអ្នកក្រដែលជាអ្នកជួលផ្ទះ។
លោក ផេដ្រូ សានឆេស បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចមួយនៅក្រុង Madrid ថា អ្នកដែលមិនមែនជាពលរដ្ឋអចិន្ត្រៃយ៍រស់នៅក្នុងសហភាពអឺរ៉ុប បានទិញលំនៅឋានរហូតដល់ទៅ២៧.០០០ខ្នងនៅក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២៣ ដែលភាគច្រើន គឺទិញទុកជាការវិនិយោគដូចទិញទុកលក់យកចំណេញ ឬដាក់ជួលជាដើម ជាជាងការទិញសម្រាប់រស់នៅ។
លោកបានពន្យល់ថា វិធានការនេះមានគោលដៅធានាថា លំនៅឋានដែលមានស្រាប់គឺទុកសម្រាប់អ្នករស់នៅពិតប្រាកដ ពោលគឺមិនមែនសម្រាប់ទុកលក់ជាការវិនិយោគនោះឡើយ។ រដ្ឋាភិបាលរបស់លោកបានបញ្ជាក់ថា សំណើវិធានការនេះនឹងត្រូវសម្រេចដំណាក់កាលចុងក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សាយ៉ាងហ្មត់ចត់៕
ដោយ: តែម សុខុម