លោក រ៉ានីល វិករ៉េម៉េស៊ិង (Ranil Wickremesinghe) ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិរបស់ខ្លួនថា ប្រទេសស្រីលង្កាត្រូវការជាបន្ទាន់នូវរូបិយបណ្ណបរទេសចំនួន ៧៥លានដុល្លារអាមេរិក ដើម្បីទូទាត់សម្រាប់ការនាំចូលទំនិញសំខាន់ៗ។
លោក រ៉ានីល បានបន្តថា នៅពេលនេះប្រទេសស្រីលង្កានៅសល់កន្លែងស្តុកប្រេងសាំង ដែលអាចប្រើបានសម្រាប់រយៈពេលតែមួយថ្ងៃទៀតប៉ុណ្ណោះ ហើយរយៈពេលពីរបីខែខាងមុខទៀតនេះ ប្រជាពលរដ្ឋនឹងជួបបញ្ហាលំបាកបំផុតក្នុងជីវិតរបស់ពួកគេ ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់នេះ។ នាយករដ្ឋមន្ត្រីដែលទើបឡើងថ្មីរូបនេះ បានប្រាប់ពលរដ្ឋទៀតថា ត្រូវតែត្រៀមខ្លួនធ្វើការលះបង់ និងហ៊ានប្រឈមមុខនឹងបញ្ហាលំបាកៗនៅក្នុងអំឡុងពេលនេះ។
លោក រ៉ានីល បានបន្ថែមថា សម្រាប់ការដឹកជញ្ជូនប្រេងសាំង និងប្រេងម៉ាស៊ូតដោយប្រើឥណទានរបស់ប្រទេសឥណ្ឌា អាចផ្តល់ការសង្គ្រោះក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតដែរ ប៉ុន្តែស្រីលង្កាកំពុងតែប្រឈមមុខនឹងការខ្វះខាតឱសថសំខាន់ៗចំនួន ១៤ មុខ។
នៅក្នុងទីក្រុងកូឡំបូ គេបានឃើញរ៉ឺម៉កកង់បីដែលជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុតនៅក្នុងទីក្រុងនេះ បានចតតម្រៀបជួរគ្នាយ៉ាងវែងនៅមុខស្ថានីយប្រេងឥន្ធនៈ ប៉ុន្តែវាគឺជារង់ចាំចាក់ប្រេងឥតប្រយោជន៍ ដ្បិតថាស្ថានីយគ្មានប្រេងលក់នោះឡើយ។
អ្នកបើកបរម្នាក់ឈ្មោះ Mohammad Ali ដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មានរ៉យទ័រ បាននិយាយថា គាត់បានចតរ៉ឺម៉ករង់ចាំចាក់ប្រេងអស់រយៈពេលជាង ៦ ម៉ោង ប៉ុន្តែមិនបានទទួលប្រេងនោះទេ។ អ្នកបើកបរម្នាក់ទៀតឈ្មោះ Mohammad Naushad បាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈដែលគាត់កំពុងរង់ចាំនោះអស់ប្រេងសាំងហើយ។
ប្រទេសស្រីលង្កាបានជួបវិបត្តិជំងឺកូវីដ១៩ ការឡើងថ្លៃប្រេងឥន្ធនៈ និងវិធានការកាត់បន្ថយពន្ធពីសំណាក់រដ្ឋាភិបាលរបស់លោក Rajapaksas ប្រធានាធិបតីស្រីលង្កា បានជំរុញឲ្យប្រទេស ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ហើយពេលនេះប្រទេសចិន និងឥណ្ឌាកំពុងប្រទាញប្រទុងយកឥទ្ធិពលនៅក្នុងប្រទេសនេះ ដែលជាហេតុធ្វើឱ្យប្រទេសកោះនៅក្នុងមហាសមុទ្រឥណ្ឌាមួយនេះកំពុងស្ថិតនៅចំកណ្តាលនៃវិបត្តិដែលមិនអាចប្រៀបផ្ទឹមបានចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។
កង្វះខាតរូបិយប័ណ្ណបរទេសរ៉ាំរ៉ៃបាននាំឱ្យមានអតិផរណា និងកង្វះខាតថ្នាំពេទ្យ ប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ចេញមកតវ៉ានៅតាមដងផ្លូវរហូតមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាលកាលពីសប្ដាហ៍មុននេះ បណ្ដាលឱ្យមនុស្ស ៩ នាក់ស្លាប់ និងជាង ៣០០ នាក់ទៀតរងរបួស។
ការដឹកជញ្ជូនប្រេងម៉ាស៊ូតដោយប្រើឥណទានរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសនេះកាលពីថ្ងៃអាទិត្យប៉ុន្តែមិនទាន់ត្រូវបានចែកចាយពាសពេញប្រទេសនោះទេ។ ដូច្នេះហើយរដ្ឋ មន្ត្រីថាមពលលោក កានចាណា វីចេសេកេរ៉ា (Kanchana Wijesekera) កាលពីថ្ងៃទី ១៦ឧសភា បានអំពាវនាវឱ្យសាធារណជនកុំទាន់អាល់តម្រង់ជួរគ្នា ចាំទិញប្រេងនេះនៅក្នុងរយៈពេលបីថ្ងៃទៀតអី គឺត្រូវរង់ចាំរហូតទាល់តែគេបានចែកចាយប្រេងឥន្ធនៈនៅតាមស្ថានីយជាងពាន់កន្លែងឲ្យបានរួចរាល់ជាមុនសិន៕