ប្រជាពលរដ្ឋស្រីលង្កា នាំគ្នាតម្រង់ជួររាប់សិបម៉ោង ដើម្បីធ្វើលិខិតឆ្លងដែន សម្រាប់ការធ្វើអន្តោប្រវេសន៍ទៅរកការងារធ្វើនៅក្រៅប្រទេស។ រដ្ឋាភិបាលស្រីលង្កា ក៏ហាក់មានការពេញចិត្តក្នុងការបើកផ្លូវឲ្យប្រជាពលរដ្ឋខ្លួនចាកចេញពីប្រទេស ទៅធ្វើការនៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់គ្រួសារ និងសង្គមជាតិផងដែរ ខណៈរដ្ឋាភិបាលប្រទេសដែលកំពុងជួបវិបត្តិមួយនេះ ក៏កំពុងត្រូវការរូបិយវត្ថុអន្តរជាតិ ដើម្បីមកស្ដារសេដ្ឋកិច្ចដូចគ្នាដែរ។ ប៉ុន្ដែ អ្នកជំនាញព្រមានថា ប្រទេសស្រីលង្កា គឺកំពុងស្ថិតក្នុងហានិភ័យកាន់តែអាក្រក់ទៅៗហើយ ពិសេសគឺការបាត់បង់នូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍ជាតិ។
នៅឆមាសទីមួយនៃឆ្នាំ២០២២ រដ្ឋាភិបាលស្រីលង្កាបានចេញលិខិតឆ្លងដែនសរុបប្រហែល ៤០ម៉ឺនក្បាល ដែលលើសពីចំនួនដែលបានធ្វើសរុបនៅពេញ១ឆ្នាំ ២០២១ទៅទៀត។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ពលរដ្ឋជិត១៧ម៉ឺននាក់ បានចុះឈ្មោះទៅធ្វើការនៅបរទេស ហើយភាគច្រើនកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកាតា គុយវ៉ែត ឬអារ៉ាប៊ីសាអូឌីត។ នេះបើតាមការអះអាងរបស់លោក Manusha រដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការបរទេស។
តាមប្រវត្តិសាស្ត្រ ជនចំណាកស្រុកទៅបរទេស គឺជាកម្លាំងទ្រទ្រង់សេដ្ឋកិច្ចស្រីលង្កាដ៏សំខាន់ និងជាទុនបម្រុងបរទេសរបស់ប្រទេសនេះផងដែរ។ ការផ្ញើប្រាក់មកពីបរទេសធៀបនឹងផលិតផលក្នុងស្រុកសរុបជាមធ្យមមានប្រហែល ៥,៧% បើគិតចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០០ ហើយចំនួននេះបានកើនឡើងដល់ប្រហែល ៨% នៅចន្លោះឆ្នាំ ២០០១ និងឆ្នាំ ២០២០។
ធនាគារកណ្តាលស្រីលង្កាបានចាត់ទុក ប្រាក់ផ្ញើមកពីក្រៅប្រទេសរបស់កម្មករថាជា "សសរស្តម្ភសំខាន់នៃប្រាក់ចំណូលរូបិយបណ្ណបរទេសរបស់ស្រីលង្កា" ដោយកត់សម្គាល់ថា វាជាប្រភពដ៏ធំបំផុតតែមួយគត់ នៃលំហូររូបិយបណ្ណបរទេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ទិន្នន័យរបស់ធនាគារកណ្ដាលរបស់ប្រទេសនេះបង្ហាញថា កាលពីពីរឆ្នាំមុន ប្រាក់ផ្ញើពីក្រៅប្រទេសរបស់ពលករសរុបមានដល់ទៅ ៧ ពាន់លានដុល្លារឯណោះ។ ប៉ុន្តែក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២២ នេះមានតែ ១ពាន់៦រយលានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា