ទីផ្សារកាហ្វេ​នៅប្រទេសថៃ

កាហ្វេ Starbucks និង Amazon កំពុងវាយ​សង្គ្រុបទីផ្សារគ្នាកាន់តែខ្លាំង នៅប្រទេសថៃ


ដោយសារតែសន្ទុះកំណើននៃការពេញនិយមនៃអ្នកទទួលទានកាហ្វេនៅក្នុងប្រទេសថៃ បាននិងកំពុងបង្កើតឡើងនូវសមរភូមិក្ដៅ ក្នុងការប្រជែងតំណែងកំពូលក្នុងទីផ្សារកាហ្វេក្នុងប្រទេសនេះ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង នោះ គឺយីហោហាងកាហ្វេល្បីឈ្មោះចំនួន ២ គឺកាហ្វេ Starbucks និង Amazon កំពុងវាយសង្គ្រុបទីផ្សារគ្នាយ៉ាងខ្លាំងក្លា នៅប្រទេសថៃ រួមទាំងទីផ្សារតំបន់ផងដែរ។
កាហ្វេ Starbucks និង Amazon កំពុងប្រជែងសង្គ្រុបទីផ្សារគ្នាកាន់តែខ្លាំង នៅប្រទេសថៃ

កាហ្វេ Starbucks ត្រូវបាន គេដឹងថា គឺជាយីហោកាហ្វេ​អន្តរជាតិ​ល្បីមួយ ​ដែលបាន​ឈរជើង​ក្នុងទីផ្សារប្រទេស​ថៃ​២១​ឆ្នាំមកហើយ។

តាម​សារព័ត៌មាន​ក្នុងស្រុកថៃ អះអាងថា កាលពីខែមុននេះ ក្រុមហ៊ុន​ដ៏ធំមួយ​របស់​ថៃ គឺ Thai Charoen Corporation Group បាន​ចំណាយទុន ៥០០ លានដុល្លារ​អាមេរិកឯណោះ ដើម្បីទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ហាងកាហ្វេ​៣៧២ សាខា​នៅទូទាំង​ប្រទេសថៃ។ ក្រុមហ៊ុននេះ ត្រូវបានគេ​ដឹងថា គឺជារបស់​មហាសេដ្ឋី​លំដាប់​កំពូល​របស់ថៃមួយរូប គឺលោក Charoen Sirivadhanabhakdi ដែលត្រូវបានគេស្គាល់ថាជា មហាសេដ្ឋី​ដ៏លេចធ្លោ​ ក្នុងការ​រកស៊ី​លើ​វិស័យ​ម្ហូបអាហារ​ និងភេសជ្ជៈ រួមទាំង​អចលនទ្រព្យ​ផងដែរ។ 

ការទិញសិទ្ធិ​ប្រតិបត្តិការ​ហាងកាហ្វេ Starbucks របស់លោក Charoen គឺធ្វើឡើង​ស្របពេលដែល ក្រុមហ៊ុនថៃ PTT ដែលជា​ក្រុមហ៊ុន​មេ​របស់​កាហ្វេ Amazon បានបង្ហាញ​ពីផែនការ​វិនិយោគ ១,៣ ពាន់​លានដុល្លារអាមេរិក ពង្រីក​អាជីវកម្ម​ហាងកាហ្វេ​របស់ខ្លួន ទាំងនៅ​ក្នុង​ប្រទេសថៃ និងក្រៅប្រទេស​ផងដែរ ដែលវា​ត្រូវបាន​គេមើល​ឃើញថា កំពុងប្រជែង​ខ្លាំង​ជាមួយ Starbucks សម្រាប់​ទីផ្សារអាស៊ី។

តាមការវិភាគ​របស់ សារព័ត៌មាន Nikkei Asian Review ឲ្យដឹងថា កិច្ចព្រៀមព្រៀង​ទិញសិទ្ធិគ្រប់គ្រង​ពីហាងកាហ្វេ Starbucks របស់ក្រុមហ៊ុន Thai Charoen Corporation Group នេះ ត្រូវបាន​គេមើលឃើញថា នឹង​បង្កើត​កម្ដៅ​ប្រកួតប្រជែង​ក្នុងទីផ្សារ​កាហ្វេ​របស់ថៃ​កាន់តែខ្លាំងក្លា​ឡើង ខណៈដែល​ទីផ្សារនេះ មានទំហំ​ប្រមាណ ៣០ពាន់លានបាត ឬស្មើនឹង​ប្រមាណ ១ពាន់លាន​ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏ជា​ការ​បោះជំហាន​ថ្មីចុងក្រោយ​មួយទៀតរបស់​លោក Sirivadhanabhakdi ចូលក្នុង​ទីផ្សារ​កាហ្វេ បន្ទាប់ពី​ក្រុមហ៊ុន​របស់លោក​មួយទៀត គឺ​Berli Jucker Group បានទិញ​ប្រតិបត្តិការ​ហាងកាហ្វេ Wawee កាលពី​ឆ្នាំមុនរួចហើយ។ 

ទីផ្សារ​កាហ្វេថៃ ត្រូវបានគេដឹងថា​មាន​កំណើន​ប្រមាណ ១៥ភាគរយ​ក្នុងមួយឆ្នាំ។

តាមការវិភាគ​របស់សារព័ត៌មាន​ជប៉ុន ដដែលនេះ បាន​ឲ្យដឹងថា ដៃគូប្រជែង​ធំបំផុត​របស់ Starbucks គឺហាងកាហ្វេ Amazon របស់ក្រុមហ៊ុន PTT។ ទោះបីជា​ Amazon ជាយីហោ​ក្នុងស្រុក​របស់ថៃ ដែលមាន​អ្នកស្គាល់​មិនច្រើន​ដូច Starbucks ដែលជាយីហោ​អន្តរជាតិ​ក៏ពិតមែន តែកាហ្វេ Amazon ក៏អាចចាត់ទុក​បានថា ជា​អ្នកដឹកមុខ​ក្នុងទីផ្សារមួយ​ផងដែរ ដែលមាន​សាខា​ប្រមាណ ២ពាន់កន្លែង​នៅទូទាំងប្រទេសថៃ។ ក្រុមហ៊ុន PTT ក៏បាន​មានផែនការ​ពង្រីក​ឲ្យបាន​ ៣.៥០០ សាខា នៅក្នុងរយៈ​ពេល ៥ឆ្នាំខាងមុខ។ 

«យើងមិនអាច​បដិសេធ​បានទេថា ក្រុមហ៊ុន TCC (Thai Charoen Corporation) បានក្លាយ​ជាដៃគូ​ប្រជែង​ថ្មី​នៅក្នុងទីផ្សារ។ ទោះយ៉ាងណា យើង​ស្វាគមន៍ ហើយយើងនឹង​នឹង​បន្ត​គម្រោង​ពង្រីកខ្លួន​របស់​កាហ្វេ Amazon ដដែល»។ នេះជាប្រសាសន៍​របស់ លោក Suchat Ramarch អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន PTT ដែលត្រូវបានស្ដង់ដោយ សារព័ត៌មាន Nikkei Asian Review។

អ្នកវិភាគ​ខ្លះនិយាយថា ក្រុមហ៊ុន PTT មានគុណសម្បត្តិច្រើន​ក្នុងការប្រកួតប្រជែង​ទីផ្សារ ព្រោះកាហ្វេ Amazon អាចនឹង​ពង្រីកហាង​​នៅតាម​តាម​ស្ថានីយប្រេងឥន្ធនៈ​PTT ប្រមាណ ១.៥០០ កន្លែង​ក្នុងប្រទេសថៃ។ រីឯ ក្រុមហ៊ុន TCC វិញ ក៏មានអាជីវកម្ម​អភិវឌ្ឍន៍​អចលនទ្រព្យ ដូចជា​ប្រតិបត្តិការលើ ​អគារការិយាល័យ និងមានលទ្ធភាព​ការច្របាច់​បញ្ចូលគ្នា​នូវ​ទីតាំង​អចលនទ្រព្យ​ដែលមាន​សក្ដានុពល​ខ្លាំង ក្នុងទីក្រុងបាងកក។ ដូច្នេះ ក្រុមហ៊ុននេះ អាច​ពង្រីកសាខា កាហ្វេ Starbucks បាន​កាន់តែងាយ​ស្រួល។ 

អ្នកជំនាញខ្លះទៀត បាន​លើកឡើងដែរថា ការពង្រីកខ្លួន​របស់ហាងកាហ្វេធំៗ​នៅក្នុងប្រទេសថៃនេះ វាអាចនឹង​ជំរុញឲ្យ​មានការ​ប្រកួតប្រជែងខ្លាំង​ទៅលើ​កត្តាតម្លៃ។

តែយ៉ាងណា អ្នកជំនាញ បានគូសបញ្ជាក់ថា កាហ្វេ Starbucks នឹងនៅតែ​ទទួលបាន​ប្រយោជន៍ ពីការ​បន្តរក្សា​នូវកេរ្ដិ៍ឈ្មោះ យីហោ​របស់ខ្លួន ខណៈដែល Amazon វិញ ផ្ដោតលើ​ការពង្រីកខ្លួន​យ៉ាងលឿន តាមរយៈ​បណ្ដាញ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​របស់​ខ្លួន។

កាហ្វេ Starbucks បានចូល​ក្នុងទីផ្សារ​ប្រទេសថៃ តាំងពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ ជាមួយនឹង​ដំណើរការ​អាជីវកម្ម​យ៉ាងរលូន។ តួយ៉ាង កាលពីឆ្នាំមុននេះ ប្រាក់ចំណេញសុទ្ធ​របស់​ Starbucks នៅថៃ បាន​កើនឡើង ២៥% គឺមានប្រមាណ ៣៥ លានដុល្លារអាមេរិក ពោល គឺបានកើនឡើង ពី ២៨ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៧។ 

ការស្រាវជ្រាវ របស់ ស្ថាប័នអន្តរជាតិ Euromonitor បានប៉ាន់ប្រមាណថា កាលពីឆ្នាំ ២០១៨ ហាងកាហ្វេ​នៅប្រទេសថៃ មានចំនួន ៨.០២៥ ហាង ដែលបានកើនឡើង ៤,៦% កាលពីឆ្នាំ២០១៧៕

None



អត្ថបទបន្ទាប់


កម្ពុជាត្រូវការដាំដើមមន ៤ម៉ឺនហិកតា ដើម្បីអាចផលិតសូត្របាន ៤០០ តោនក្នុងមួយឆ្នាំ តាមតម្រូវការ

យ៉ាងហោចណាស់ កម្ពុជាត្រូវការការដាំដុះដើមមនសម្រាប់ចិញ្ចឹមដង្កូវនាងប្រមាណ ៤ម៉ឺនហិកតា ទើបអាចផលិតបានសូត្រ ៤០០ តោនក្នុងមួយឆ្នាំៗបាន ខណៈដែលប…

ទិញផ្ទះ ឈ្នះ ខុនដូ! នៅក្នុងព្រឹត្តិការណ៍ “រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ”

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ "រស់​នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ" ពី បុរី ប៉េង ហួត ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីតាំង ទល់មុខផ្ទះគំរូវីឡា Kin…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ