រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់តាំងពីដើមខែសីហាមកម្ល៉េះ ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។
អាជ្ញាធរតៃវ៉ាន់បាននិយាយថា ខ្លួននឹងមិនបង្កភាពតានតឹង ឬបង្កើនភាពតានតឹងនោះទេ ប៉ុន្តែថ្មីៗនេះខ្លួនបានខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើជាដដែលៗនៃការបង្ហោះយន្តហោះគ្មានមនុស្សបើករបស់ចិនឆ្វែលក្រឡឹងជុំវិញកោះ ដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន។
យោធាតៃវ៉ាន់ប្រចាំនៅកោះ Kinmen ជាក្រុមប្រជុំកោះមួយដែលគ្រប់គ្រងដោយតៃវ៉ាន់នៅទល់មុខទីក្រុង Xiamen និង Quanzhou របស់ប្រទេសចិននោះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះដ្រូនរបស់ចិននេះត្រូវបានបង្ហោះចូលទៅក្នុងលំហអាកាសស្ថិតនៅលើលើកោះ Lion Islet កាលពីរសៀលថ្ងៃទី ០១ខែកញ្ញានេះ។
កងទ័ពនៅលើកោះនេះបានព្យាយាមបាញ់ព្រមាន ឲ្យដ្រូននោះហោះទៅឲ្យឆ្ងាយពីទីនោះ ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ ដូច្នេះហើយនៅទីបំផុតកងទ័ពតៃវ៉ាន់ក៏បាញ់ទម្លាក់ចូលវាទៅក្នុងសមុទ្រតែម្ដងទៅ។ ការបាញ់ទម្លាក់ដ្រូនគ្មានអត្តសញ្ញាណមួយនេះ បានកើតឡើងក្រោយពីតៃវ៉ាន់កាលពីថ្ងៃទី ៣០ខែសីហា បានបាញ់ព្រមានទៅលើយន្តហោះដ្រូនរបស់យោធាចិន បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាឱ្យយោធាតៃវ៉ាន់ចាត់វិធានការប្រឆាំងនឹងអ្វីដែលលោកស្រីបានហៅថាការបង្កហេតុរបស់ចិន។ ប៉ុន្ដែ ការបាញ់ដ្រូនកាលពីថ្ងៃ ទី៣០ ខែសីហានោះ មិនបានធ្លាក់នោះទេ ដោយវាបានហោះត្រឡប់ទៅកាន់ទឹកដីចិនវិញ។
លោក Chiu Chui-cheng អនុប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោកនៅតៃវ៉ាន់បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិថា តៃវ៉ាន់មានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការចាត់វិធានការការពារចាំបាច់ព្រោះយន្តហោះរបស់ចិនមិនត្រូវបានអនុញ្ញាតឱ្យហោះចូលទៅក្នុងលំហអាកាសរបស់ដែនកោះ Kinmen នោះឡើយ ហើយវិធានការដែលតៃវ៉ាន់អាចប្រើបានគឺការបង្ខំយន្តហោះចាកចេញពីលំហអាកាសរបស់ខ្លួន ឬក៏ត្រូវបង្ខំឲ្យចុះចតភ្លាមៗតែម្ដង។
ថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី ១ខែកញ្ញា លោកស្រី Tsai មេកនាំតៃវ៉ាន់ បាននិយាយថា ប្រទេសចិនកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងយុទ្ធសាស្ត្រ«តំបន់ប្រផេះ»ផ្សេងៗទៀតដើម្បីព្យាយាមបំភិតបំភ័យតៃវ៉ាន់ ហើយថាតៃវ៉ាន់នឹងមិនបង្កជម្លោះនោះទេ ប៉ុន្តែមិនមែនមានន័យថាតៃវ៉ាន់នឹងមិនចាត់វិធានការតបតវិញនោះឡើយ៕
អត្ថបទើ សុខ ជា