ថ្មីៗនេះ សភាកោះតៃវ៉ាន់បានអនុម័តសំណើដូរឈ្មោះអាកាសចរណ៍ China Airlines ចេញ ដើម្បីកុំឲ្យច្រឡំគ្នាជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍របស់ចិនដីគោក ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
សំណើនោះស្នើឲ្យក្រសួងដឹកជញ្ជូនរបស់តៃវ៉ាន់រៀបចំដាក់ចេញនូវផែនការរយៈពេលខ្លី និងរយៈពេលវែង សម្រាប់ការប្ដូរឈ្មោះ-ម៉ាកយីហោរបស់ក្រុមហ៊ុនអាកាសចរណ៍ China Airlines ដែលភាគហ៊ុនមួយចំណែកកាន់កាប់ដោយរដ្ឋាភិបាលកោះតៃវ៉ាន់ ។
ថ្លែងការពារសំណើ ប្រធានសភាតៃវ៉ាន់ លោក Yu Shyi-kun បាននិយាយថា ក្រសួងដឹកជញ្ជូនគួរតែធ្វើយ៉ាងណាឲ្យ China Airlines ត្រូវគេស្គាល់ជាអន្តរជាតិកាន់តែច្បាស់ថាជារបស់កោះតៃវ៉ាន់ ដើម្បីការពារផលប្រយោជន៍តៃវ៉ាន់ ដោយសារតែនៅក្រៅប្រទេស គេច្រើនច្រឡំថាជាអាកាសចរណ៍របស់ចិនដីគោក ។
ប៉ុន្តែ ទោះយ៉ាងណា សំណើមិនបានបញ្ជាក់ច្បាស់អំពីគម្រោងពេលវេលាសម្រាប់ការផ្លាស់ប្ដូរឈ្មោះ-ម៉ាកយីហោរបស់ China Airlines នេះ នោះទេ ។
អ្នករិះគន់ខ្លះ បានបារម្ភថា ផែនការប្ដូរឈ្មោះ China Airlines នេះ អាចនឹងបញ្ឆេះឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹង ។
នៅលើបញ្ហាជាច្រើនជាមួយចិនដីគោក រដ្ឋាភិបាលកោះតៃវ៉ាន់តែងដោះស្រាយយ៉ាងប្រយ័ត្នប្រយែងបំផុត ដើម្បីជៀសវាងកុំឲ្យចិនដីគោកមានលេសប្រកាសសង្គ្រាម ឬចាប់ផ្ដើមជម្លោះយោធាជាមួយកោះតៃវ៉ាន់ ៕