
លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប បានព្រមានថា ភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្មដោយសារសង្រ្គាមពន្ធ កំពុងបង្កការគំរាមកំហែងដល់កំណើន និងអតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូ ជាមួយនឹងសម្ពាធតម្លៃដែលជំរុញដោយពន្ធ ដែលរំពឹងថានឹងកើនឡើង។ ថ្លែងនៅក្នុងសភាអឺរ៉ុប លោកស្រី បានទទួលស្គាល់ថា ស្ថានភាពអតិផរណានៅពេលនេះ និងពេលអនាគតនៅតែបន្តស្ថិតនៅលើផ្លូវនៃភាពមិនប្រាកដប្រជា ជាពិសេសបណ្តាលមកពីគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។
លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយដែលកំណត់ដោយក្រុងវ៉ាស៊ីនតោន អាចរំខានដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ និងបញ្ឆេះការកើនឡើងតម្លៃលើទំនិញប្រើប្រាស់ផ្សេងៗ។ លោកស្រីជឿជាក់ថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់កំណើន និងសុខុមាលភាពសេដ្ឋកិច្ចសកល រីឯការប្រកាសពន្ធសងសឹកគ្នាទៅវិញទៅមកវានឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់អាចនាំឱ្យមានការចំណាយខ្ពស់សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅអឺរ៉ុប។
លោកស្រីបានបន្ថែមថា រលកពន្ធថ្មីអាចជំរុញឱ្យអតិផរណាកើនឡើងដល់ទៅ០,៥% ហើយវាក៏ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលអឺរ៉ុប ក្នុងការរក្សាស្ថិរភាពតម្លៃ និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ លោកស្រី បានព្រមានថា ការកើនឡើងនៃជម្លោះពាណិជ្ជកម្មអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនថ្លៃដើម និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕
ដោយៈ សរ សុជាតិ