ចំណូលពន្ធដារនិងគយកម្ពុជា

តើចំណូលពន្ធដារ និងពន្ធគយ នឹងអាចប្រមូលបានដល់ ៥ពាន់លានដុល្លារដែរទេ នៅឆ្នាំ២០២១?


ក្នុងវិបត្តិកូវីដ១៩នេះ តើចំណូលពន្ធដារ និងពន្ធគយ នឹងអាចប្រមូលបានដល់ ៥ពាន់លានដុល្លារដែរឬយ៉ាងណានៅឆ្នាំ២០២១? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានបង្ហាញពីក្ដីរំពឹងខ្ពស់ថា ចំណូលដែលប្រមូលដោយពន្ធដារ និង គយ នៅឆ្នាំ២០២១នេះ នឹងសម្រេចបានក្នុងរង្វង់ ៥ពាន់លានដុល្លារអាមេរិក ដ្បិតថា នៅ៧ខែឆ្នាំ២០២១នេះ ចំណូលដែលប្រមូលបានដោយស្ថាប័នរដ្ឋទាំងពីនេះ សម្រេចបានដល់ជាង ៣ពាន់លានដុល្លារអាមេរិករួចហើយ។
អគ្គនាយកដ្ឋានពន្ធដារ

បើ​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រភព​ចំណូល ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​រំពឹង​ប្រមូល​បាន​នៅ​ឆ្នាំ​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​បើកប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ និង សល់​មួយ​ផ្នែក​ទៀត​សម្រាប់​ការ​ចំណាយ​វិនិយោគសាធារណៈ ដូច​ជា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ផង​ដែរ​។

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ទោះបី​ចំណូល​ពន្ធដារ និង​ពន្ធគយ​នៅ​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០២១ បាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ក៏​ដោយ ប៉ុន្ដែ រាជរដ្ឋាភិបាល​នៅ​តែ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទ្រទ្រង់​ការ​ចំណាយ​នៅ​ឆ្នាំ​នេះ​។

ជាក់ស្តែង នៅ​រយៈពេល​៧​ខែ​កន្លង​មកនេះ រដ្ឋ​ទទួល​បាន​ចំណូល​ពី​ពន្ធដារ និង​ពន្ធគយ​ជាង ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ ចំណូល​ពន្ធដារ មាន​ជាង​១​ពាន់​៧​រយ​លាន​ដុល្លារ ស្មើនឹង​ជាង​៧៦% នៃ​ផែនការ ខណៈ​ចំណូល គយ​វិញ មាន​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ ស្មើនឹង​ជិត​៥៧% នៃ​ផែនការ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា រំពឹង​ទុក​ថា នៅ​សល់​រយៈពេល ៥​ខែ​ទៅ​មុខ​ទៀត​នេះ កម្ពុជា​យ៉ាង​ហោច​ណាស់​នឹង​ប្រមូល​បាន​ចំណូល ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ចំណូល​ដែល​ប្រមូល​ដោយ​ពន្ធដារ និង​គយ នឹង​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ពេញ​១​ឆ្នាំ​២០២១​។

ក្នុង​ន័យ​នេះ បើ​គិត​ជា​មធ្យម គិត​មួយ​ខែ​ៗ រដ្ឋ​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ ៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​ចំណាយ​លើ​ការ​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​វិញ​មាន​ប្រមាណ ២៥០​លាន​ដុល្លារ​ក្នុង​មួយ​ខែ ដូច្នេះ រដ្ឋ​នៅ​សល់​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដើម្បី​ចំណាយ​លើ​ការ​វិនិយោគ​នានា​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ដោយ​សម្តេច តេ​ជោ ហ៊ុន សែន​។

ស្រប​ពេល​ដែល កម្ពុជា​កំពុង​មានការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ និង​មានការ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ប្រុ​ទ្ធ​ទប់ទល់​នឹង​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ក៏​ដោយ ប៉ុន្ដែ មក​ទល់​ពេល​នេះ ចំពោះ​ការ​សងបំណុល​ទៅ​កាន់​ប្រទេស​ម្ចាស់​កម្ចី និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត គឺ​កម្ពុជា​នៅ​តែ​បន្ដ​សង​ជា​ធម្មតា មិន​មានការ​ស្នើ​សុំ​ផ្អាក​ការ​សងបំណុល​នោះ​ទេ​។

របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២០ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ជាង​៨​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​សុទ្ធ​សឹង​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស​។

បើ​គិត​តាំងពី​ឆ្នាំ​១៩៩៣ មក​ត្រឹម​ដំណាច់ឆ្នាំ​២០២០ កម្ពុជា បាន​ទូទាត់​សង​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប​ជាង​២​ពាន់​លាន​ដុល្លារ​។ ដោយឡែក សម្រាប់​ឆ្នាំ​២០២០ កម្ពុជា​បាន​ទូទាត់​សង​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​ជាង​៣៦០​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​ទី​២០ កក្កដា ការ​ប្រមូល​ចំណូល​ពន្ធដារ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២១ សម្រេច​បាន​ជាង​១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ជិត​១១% បើ​ធៀប​នឹង​ឆមាស​ទី​១ កាលពី​ឆ្នាំ​២០២០​។ រីឯ​ចំណូល​ពន្ធ ប្រមូល​ដោយ អគ្គ​នាយ​ដ្ឋា​ន​គយ និង​រដ្ឋាករ​នៅ​ឆមាស​ទី​១​នេះ​ដែរ​មាន ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ធា្ល​ក់​ចុះ​ជិត​៩% បើ​ធៀប​នឹង​ឆមាស​ទី​១​កាលពី​ឆ្នាំ​២០២០៕

None



អត្ថបទបន្ទាប់


ស្ថានការវិវត្តន៍នៃមេរោគបំប្លែងថ្មី ឌែលតា នៅកម្ពុជា កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំង

កម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក កំពុងមានក្ដីបារម្ភកាន់តែខ្លាំងជុំវិញនឹងការរីករាលដាលនៃកូវីដ-១៩បំប្លែងថ្មីឌែលតា ដែលគិតម…

ម្ចាស់ចម្ការលម៉ើ៖ តម្លៃទីផ្សារឆ្នាំនេះ មានការប្រែប្រួលខុសឆ្នាំមុន

ម្ចាស់ចម្ការលម៉ើនៅកម្ពុជាបាននិយាយថា តម្លៃទីផ្សារលម៉ើនៅឆ្នាំនេះ ហាក់មានការប្រែប្រួលតម្លៃតិចតួច ខុសពីឆ្នាំមុន ដោយសារតម្លៃមានការឡើងចុះចន្លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ