ក្រុមហ៊ុន Tesco បានគូសបញ្ជាក់ថា ការសិក្សាវាយតម្លៃពី យុទ្ធសាស្រ្ត គឺទើបតែចាប់ផ្តើមនោះទេ មិនទាន់ឈានដល់ការសម្រេចពី អនាគតនៃអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីនៅឡើយទេ។ ទោះយ៉ាងណា នឹងមានការប្រកាសជាថ្មីម្តងទៀត នៅពេលមានការប្រែប្រួល។
តាមការប៉ាន់ប្រមាណពីអ្នកពាក់ព័ន្ធនឹងគម្រោងនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា តម្លៃនៃប្រតិបត្តិការរបស់ក្រុមហ៊ុនគឺប្រមាណ ៩ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ អាជីវកម្មរបស់ក្រុមហ៊ុន Tesco នៅក្នុងប្រទេសថៃ អាចមានតម្លៃរហូតដល់ជាង ៧ពាន់លានដុល្លារអាមេរិក ព្រោះក្រុមហ៊ុនមានជាង ១.៩០០ សាខាទូទាំងប្រទេសថៃ ខណៈនៅម៉ាឡេស៊ីមានតែ ៧៤សាខា។
លោក ឌេវ ឡឺ វីស នាយកប្រតិបត្តិក្រុមហ៊ុន Tesco បានបញ្ជាក់ថា ក្រុមហ៊ុន បានសម្របសម្រួលអាជីវកម្មនៅក្នុងស្រុករបស់ខ្លួន ដោយបានលុបចោលការងារ និងដកខ្លួនចេញពី ទីផ្សារអន្តរជាតិ ដូចជានៅប្រទេសជប៉ុន អាមេរិក និងចិន។
យ៉ាងណាមិញ អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា ប្រតិបត្តិការរបស់ ក្រុមហ៊ុន Tesco នៅក្នុងប្រទេសថៃ គឺជា អាជីវកម្មដែលមានគុណភាពខ្ពស់ ដោយប្រាក់ចំណូល ៥០% បានមកពី ការជួលទីតាំងផ្សារទំនើប ហើយ ៥០%ទៀត បានមកពីទីផ្សារលក់រាយនូវម្ហូបអាហារ ដែលមានការប្រកួតប្រជែងតិចជាងនៅចក្រភពអង់គ្លេសទៅទៀត។
គួរជម្រាបដែរថា បើសិនជាក្រុមហ៊ុនចាកចេញពីប្រទេសថៃ និងម៉ាឡេស៊ី វានឹងបាត់បង់ចំណែកទីផ្សារនៅអាស៊ី ហើយសល់តែចំណែកទីផ្សារដែលកំពុងតែខាតបង់ នៅប៉ែកអឺរ៉ុបកណ្តាលតែប៉ុណ្ណោះ៕