វិនិយោគទុន

ដឹង​ទីតាំង​ដែល​គេ​គ្រោង​សាងសង់​ផ្សារ​ទំនើប​ធំ​​បំផុតរបស់​​​ថៃ នៅ​ភ្នំពេញ​ហើយ!


ផ្សារទំនើបធំ​ជាង​គេ​បំផុត​របស់​ថៃ គ្រោង​នឹង​បោះ​ទីតាំង​របស់ខ្លួន​​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៉ី ម្តុំ​ស្ពាន​អាកាសតិចណូ ជួរ​បណ្តោយ​ជាមួយ​នឹង ផ្សារ​ទំនើប​ដ៏​ធំ​មួយ គឺ​ផ្សារ​ទំនើប ផាសិនម៉ល មក​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​វិនិយោគ​សាងសង់​ដោយ​ឯកឧត្តម​ឧកញ៉ា អូសស្មាហាសាន់ ដែល​កំពុង​តែ​សាងសង់​ជិត​រួចរាល់​ហើយ។
ផ្សារ​ទំនើប​ central food mall
ដោយ

នេះ​បើ​យោង​តាម​ប្រភព​មក​ពី​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​អចលន​ទ្រព្យ​ក្នុង​ស្រុក​មួយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមិស។

ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​សិនត្រាល់ គ្រុប គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ បាន​មក​ស្វែងរក​ទីតាំង​វិនិយោគ​បើក​ផ្សារ​ទំនើប​នេះ ជា​ច្រើន​កន្លែង​មក​ហើយ ទាំង​នៅ​ក្នុង​ក្រុង និង ជាយ​រាជ​ធានី​ភ្នំពេញ ហើយ​ទើប​តែ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ចាប់​អារម្មណ៍​នឹង​ទីតាំង​នៅ​ម្តុំ​ស្ពាន​អាកាស​ទី៤ តិចណូ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក។ បើ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ តាម​ផែនការ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ នឹង​ធ្វើ​ការ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណជា ៣​ហិកតា។

ក្រុមហ៊ុន​សិនត្រាល់​គ្រុប​ដែល​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នេះ បច្ចុប្បន្ន មាន​អាជីវកម្ម​ធំៗ​ជាច្រើន​ដូចជា ផ្សារ​ទំនើប​ថៃ ផ្សារ​ទំនើប BigC មជ្ឈមណ្ឌល​ប៉ាត់តាយ៉ា រ៉ូប៊ីនសុន ឌីផាតមិនស្ទ័រ មជ្ឈមណ្ឌល​សណ្ឋាគារ​ផ្លាហ្សា និង ក្រុមហ៊ុន​ផលិត​អាហារ​ទាន់​ចិត្ត ជាដើម។ ហើយ​ទាំង​អស់​នេះ នឹង​មក​ដល់​និង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​សុទ្ធ​តែ​បាន​អះអាង​ថា ការ​បោះ​ទីតាំង​វិនិយោគ​នៅ​ទីនោះ គឺ​ជា​ទីកន្លែង​ដែល​ល្អ​បំផុត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ជា​ទីកន្លែង​ប្រមូល​ផ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ជាច្រើន សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ និង​ក្រសួង គ្រឹះស្ថាននានា​សម្រាប់​បុគ្គលិក មន្ត្រីរាជការ អង្គការ​ក្រៅ​រដ្ឋាភិបាល។ 

ព័ត៌មាន​នេះ​គឺ​ប្រហាក់​ប្រហែល​គ្នា​ទៅនឹង​ការ​លើក​ឡើង​របស់ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ប្រាប់ ខេមបូណូមិស កាល​ពី​ពេល​ថ្មីៗ​ថា ផ្សារ​ទំនើប​របស់​ថៃនេះ​នឹង​សាង​សង់​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​មួយ ក្នុង​ទីក្រុង​ភ្នំពេញ​នេះ ប៉ុន្តែ​លោក​បដិសេធ​មិន​ប្រាប់​ទីតាំង​ច្បាស់​លាស់​នោះ​ទេ។

ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ (Nuttavudh Photisaro) បាន​បញ្ជាក់​ប្រាប់​ថា ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ​ ដែល​មាន​ឈ្មោះ​ថា សិនត្រាល់ គ្រុប នឹង​មក​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ។ ឯកឧត្តម​បន្ត​ថា តំណាង​ក្រុមហ៊ុន​ថៃ​មួយ​នេះ​បាន​មក​សិក្សា​លើ​ទីតាំង​សម្រាប់​សាងសង់​រួច​ហើយ។

ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជារូបនេះ មាន​មោទនភាព​ដែល​ថា ក្នុង​អាណត្តិ​ការទូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ លោក​បាន​ការ​ខិតខំ​កៀងគរ​វិនិយោគិន​ថៃ​តូចធំ​ជា​ច្រើន​ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុន​លក់​រាយ សិនត្រាល់គ្រុប​នេះ លោក​បាន​ទាក់ទាញ​តាំង​ពី​៣​ឆ្នាំ​មុន​មក​ម្ល៉េះ។

នៅក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន​សិនត្រាល់​គ្រុប​មាន​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​អឺរ៉ុប កម្ពុជា វៀតណាម ភូមា ឡាវ ដែល​មាន​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន សិនត្រាល់ គ្រុប ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន​​ជិត ១០​ពាន់​លាន​ដុល្លារ​​អាមេរិក កាល​ពី​ឆ្នាំ​២០១៦ ពោល​គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង ១៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥។

ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ បាន​បញ្ជាក់​ថា តាមរយៈ​ការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ សង្ឃឹម​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ អាច​នឹង​កើន​ឡើង​ខ្លាំង។ យោង​តាម​របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ​កាល​ពី​ឆ្នាំ​២០១៦ សម្រេច​បាន​ទឹក​ប្រាក់ ៥​ពាន់​៦០០​លាន​ដុល្លារ ពោល​គឺ​មាន​ការ​ថយ​ចុះ​៦​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

បើទោះ​បី​ជា​ទំហំ​ពាណិជ្ជ​កម្ម​ទេ្វ​ភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​ល្អ​ប្រសើរ​ក៏​ពិត​មែន ប៉ុន្តែ កម្ពុជា​ហាក់បី​ដូច​ជា​ទទួល​បាន​ទឹក​ប្រាក់​តិចតួច​ពី​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​ថៃ។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សំខាន់ៗ​ទៅ​ទីផ្សារ​ថៃ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​៩៣៦​លាន​ដុល្លារ ខណៈ​ថៃ​នាំ​ចូល​មក​កម្ពុជា​ក្នុង​ទឹក​ប្រាក់ ៤​ពាន់​៧០០​លាន​ដុល្លារ។ ដូច្នេះ​បើ​មើល​ពី​ទំហំ​ទឹក​ប្រាក់​រវាង​ប្រទេស​ទាំង​ពីរ​ឃើញ​ថា កម្ពុជា​ចំណេញ​តិចតួច​ណាស់។

ប្រទេស​ថៃ​បាន​រៀបចំ​គោល​នយោបាយ​នាំ​ចេញ​របស់​ខ្លួន​ជា​ថ្មី ដោយ​ងាក​ទៅ​រក​តំបន់​អាស៊ី​វិញ ជា​ពិសេស ប្រទេស​ជិត​ខាង​ដូចជា​កម្ពុជា។ ប្រជាពលរដ្ឋ​កម្ពុជា និង​មីយ៉ាន់ម៉ា ដែល​ត្រូវការ​ទំនិញ​ថៃ មាន​ប្រមាណ ៦៥​លាន​នាក់៕




អត្ថបទបន្ទាប់


ទស្សនា​គ្លីប​វីដេអូ​នៃ​ការសង្គ្រោះ​ដំរី​ព្រៃ​១១​ក្បាល​នៅ​មណ្ឌលគិរី

ថ្ងៃ​ទី២៥ មីនា ២០១៧ ដំណឹង​អំពី​សត្វ​ដំរី​ព្រៃ​​ធ្លាក់​រណ្ដៅ​គ្រាប់​បែក​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម នៅ​ខេត្ត​មណ្ឌលគិរី បាន​ផ្អើល​ពេញ​ហ្វេស…

កសិករ​ខ្មែរ​ដាំដំឡូង​មី​​កាន់តែ​ច្រើន ខណៈ​ទីផ្សារ​នៅ​តែ​មិន​​ច្បាស់លាស់​

នៅ​ប្រទេស​កម្ពុជា ការដាំ​ដំណាំ​ដំឡូង​មី​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ទាំង​ផ្ទៃ​ដី​ដាំដុះ និង​ទាំង​ទិន្នផល​ដែល​សម្រេច​បាន ខណៈ​ដែល​ទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ