ពន្ធលើតម្លៃថាមពលអគ្គិសនីរបស់ថៃបច្ចុប្បន្នដែលកើនឡើង ដោយសារពន្ធលើតម្លៃប្រេងឥន្ធនៈកើនខ្ពស់ដែរ ពោលគឺពន្ធនាំចូលសម្រាប់ថាមពលនៅប្រទេសថៃបច្ចុប្បន្នមានតម្លៃ ៤.៧២ បាត ឬស្មើនឹងប្រមាណ ៥៦០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង (ឯកតា)។ ប៉ុន្តែ ថ្មីៗនេះ គណៈកម្មការគ្រប់គ្រងថាមពលរបស់ថៃ បានប្រកាសថា អត្រានេះនឹងកើនឡើងដល់ជាង ៦៣០រៀល ទៅជាង៧១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់រយៈពេល ៤ ខែដំបូងនៅឆ្នាំក្រោយនេះ។
ប្រសិនបើតម្លៃពន្ធនាំចូលថាមពលកើនឡើងមែន ចង់ឬមិនចង់ វានឹងបង្កការលំបាកសម្រាប់ក្រុមអ្នកផលិត ក្នុងការរក្សាតម្លៃទំនិញរបស់ពួកគេឲ្យនៅដដែលនោះ ដោយសារតែតម្លៃផលិតកម្មកាន់តែខ្ពស់ ទោះជាពួកគេភាគច្រើនបានប្តូរទៅប្រើថាមពលកកើតឡើងវិញដោយការដំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យនៅតាមរោងចក្ររបស់ពួកគេក៏ដោយ។ នេះបើតាមការអះអាងរបស់លោក គ្រៀងក្រៃ ធៀននូគូល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI)។
លោក គ្រៀងក្រៃ បានបន្ថែមថា ពួកគេចង់ឱ្យរាជរដ្ឋាភិបាលបន្ធូរបន្ថយតម្លៃពន្ធនាំចូលថាមពលចាប់ពីខែមករាដល់ខែមេសាឆ្នាំក្រោយ ហើយវិធានការនេះគឺជាការចាំបាច់បំផុត ខណៈដែលប្រទេសនេះកំពុងប្រឈមមុខការកើនឡើងអតិផរណា ហើយសេដ្ឋកិច្ចពិភពលោកមិនទាន់ស្ថិតស្ថិរនៅឡើយ ដោយសារតែជម្លោះភូមិសាស្ត្រនយោបាយ។
សហព័ន្ធនេះមានការព្រួយបារម្ភថា ការកើនឡើងនូវតម្លៃថាមពលនៅក្នុងប្រទេសថៃនេះនឹងរារាំងក្រុមអ្នកវិនិយោគបរទេសមិនឱ្យពង្រីកអាជីវកម្មរបស់ពួកគេក្នុងប្រទេសថៃនោះទេ ប៉ុន្ដែ នឹងជ្រើសរើសទិសដៅវិនិយោគនៅប្រទេសផ្សេងវិញ។
លោក គ្រៀងក្រៃ បាននិយាយថា ក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនរកស៊ីនៅតំបន់អាស៊ាន ប៉ុន្តែពួកគេប្រហែលជាមិនជ្រើសរើសប្រទេសថៃនោះឡើយ ដោយសារតម្លៃថាមពលរបស់ប្រទេសនេះខ្ពស់ជាងប្រទេសជិតខាងមួយចំនួន។
លោក គ្រៀងក្រៃ បានបន្តថា ដោយការឡើងថ្លៃថាមពល ដែលបង្ហាញពីសញ្ញាថមថយសេដ្ឋកិច្ចនោះ ក្រុមហ៊ុនអាជីវកម្មជាច្រើនក៏កំពុងតែពិចារណាពីការកាត់បន្ថយប្រតិបត្តិការផងដែរ។
លោក អ៊ីសារ៉េស រ៉ាតាណាឌីលុក ណា ភូកេត (Isares Rattanadilok Na Phuket) អនុប្រធានសហព័ន្ធ FTI បានអំពាវនាវឱ្យរដ្ឋាភិបាលចាប់ផ្តើមវិធានការជួយម្ចាស់រោងចក្រឱ្យកាន់តែប្រសើរឡើង ជាមួយតម្លៃផលិតកម្មក៏ដូចជាជួយអ្នកដែលចង់ទទួលយកថាមពលកកើតឡើងវិញផងដែរ។
លោកបានបន្តថា អាជ្ញាធរគួរតែកាត់បន្ថយនីតិវិធីក្នុងការទទួលបានការអនុញ្ញាតឱ្យដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានសមត្ថភាពផលិតអគ្គិសនីបាន ១ មេហ្គាវ៉ាត់នៅបរិវេណរោងចក្រ ហើយរដ្ឋាភិបាលក៏គួរតែពិចារណាផងដែរ ពីការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីលើកទឹកចិត្តសហគ្រិនឱ្យអភិវឌ្ឍប្រព័ន្ធថាមពលកកើតឡើងវិញ៕
អត្ថបទ ៖ សុខ ជា