លោកប្រយុទ្ធចាន់ អ៊ូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃអង្គារទី២០ កន្លងទៅនេះ ថា គណៈរដ្ឋមន្ត្រីថៃ មិនបានទទួលយកសំណើលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា ដើម្បីយកទៅពិចារណានោះទេ ដោយសារតែមានការលើកឡើងពីការព្រួយបារម្ភដោយភ្នាក់ងារមួយចំនួន។
ទោះយ៉ាងណា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចពន្យាពេលការលើកលែងថ្លៃសេវាទិដ្ឋាការមកដល់ សម្រាប់ប្រទេសចំនួន១៨ ក្នុងរយៈពេល៦ខែទៀត ឬរហូតដល់ខែមេសាឆ្នាំ២០២០។ ការលើកលែងកម្រៃទិដ្ឋាការបច្ចុប្បន្ន សម្រាប់ប្រទេសទាំង១៨នោះ ត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣១ តុលាឆ្នាំនេះ។
ការពន្យាពេលកម្រៃទិដ្ឋាការ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការមកដល់នៃភ្ញៀវទេសចរ ខណៈដែលវានឹងបន្តដល់ថ្ងៃបុណ្យចូលឆ្នាំចិន និងបុណ្យសង្ក្រានឆ្នាំថ្មីរបស់ថៃ។
គួរំឭកថា ក្រសួងទេសចរណ៍ និងកីឡាថៃ បានដាក់ស្នើឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យទេសចរចិន និងឥណ្ឌា ស្នាក់នៅប្រទេសថៃ រហូតដល់៣០ថ្ងៃ ដោយមិនចាំបាច់ ដាក់ពាក្យស្នើសុំទិដ្ឋាការផ្លូវការ។
ក្រុមប្រឹក្សាទេសចរណ៍ថៃ ធ្លាប់បានអះអាងថា ការលើកលែងកម្រៃទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងឥណ្ឌា គឺពិតជារឿងចាំបាច់មួយ សម្រាប់ការជំរុញដល់កំណើននៃវិស័យទេសចរណ៍ក្នុងប្រទេសថៃ ចំពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ និងការប្រកួតប្រជែងកាន់តែខ្លាំងក្លា។
ទោះយ៉ាងណាក្រសួងការបរទេសថៃ ក៏ធ្លាប់បានបដិសេធសំណើនេះដែរ ដោយបារម្ភពីលំហូរចូលទេសចរ ដែលអាចនឹងមានជនបរទេសមកស្នាក់នៅខុសច្បាប់ក្នុងប្រទេស។
មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃ និយាយថា សំណើរនេះ ត្រូវបានច្រានចោល ដោយសារតែមានក្ដីកង្វល់ច្រើនដូចជាបញ្ហាសន្ដិសុខ ការប្រើប្រាស់ធនធានច្រើន កាគ្រប់គ្រងកាកសំណល់ និងកង្វះខាតផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទប់ទល់នឹងកំណើនគំហុកនៃភ្ញៀវទេសចរ។
គួរបញ្ជាក់ថា របាយការណ៍ពីអាជ្ញាធរថៃ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរណ៍បរទេស ដែលចូលមកកម្សាន្តនៅប្រទេសថៃ កើនឡើង ១.៥ភាគរយ គឺកើនដល់ជិត ២០លាននាក់ តែយ៉ាងណាមិញ ភ្ញៀវទេសចរ ដែលមកពីប្រទេសចិន ធ្លាក់ចុះ ៤% មកនៅត្រឹម ៥លាន ៦សែននាក់ប៉ុណ្ណោះ។
បើតាម ក្រុមប្រឹក្សាទេសចរណ៍ថៃ បានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ ទទួលភ្ញៀវទេសចរជាង ៣៨លាននាក់ និងរកចំណូលបានប្រមាណ ៦៣ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០១៩ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់ ៤០លាននាក់ និងបង្កើតចំណូលជាង ៦៩ពាន់លានដុល្លារអាមេរិក៕