ការផ្ទុះរាលដាលឆ្លងកូវីដ១៩ បន្ដកើនឡើងជារឿងរាល់ថ្ងៃនេះ រាជរដ្ឋាភិបាលថៃ ក៏កំពុងរងការស្ដីបន្ទោសយ៉ាងចាស់ដៃ ពីសំណាក់ពលរដ្ឋ និង ក្រុមអ្នករកស៊ីក្នុងវិស័យឯកជនដែរ ពិសេសក្រុមមាននិន្នាការប្រឆាំង ដោយពួកគេអះអាងថា ដោយសារតែរដ្ឋាភិបាលថៃមានអំពើរពុករលួយ និង ការធ្វើការមានបក្សពួកនិយមខ្លាំងពេក បានធ្វើឲ្យរាំងស្ទះដល់ការគ្រប់គ្រងស្ថានភាពឆ្លងកូវីដ-១៩ និង បានបណ្ដាលឲ្យកូវីដ បន្ដរីករាលដាលកាន់តែខ្លាំងឡើងៗដូច្នេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ The Thaiger។
តាមប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា រយៈពេល៥ថ្ងៃចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅថៃ មាន ៨២នាក់ ខណៈដែលអ្នកឆ្លងវិញ គឺមានជាង១ពាន់ ទៅ២ពាន់នាក់ក្នុងមួយថ្ងៃ។ បើគិតមកដល់ថ្ងៃទី ០២ ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសថៃ បានកើនដល់ទៅប្រមាណជិត ៧ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់មានចំនួន ២៤៥នាក់។
ប្រភពព័ត៌មាន The Thaiger បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មជាច្រើនកំពុងបាត់បង់ជំនឿចិត្តលើមេដឹកនាំនយោបាយថៃ ខណៈដែលអ្នកនៅក្នុងវិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ និងវិស័យអាជីវកម្មផ្សេងទៀត កំពុងដាក់ការស្ដីបន្ទោស ចំពោះរដ្ឋាភិបាលលោកប្រយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ លើការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នាពេលថ្មីៗនេះ។ ពួកគេទាំងអស់នោះ បានចោទប្រកាន់ថា បញ្ហាពុករលួយ និង ការធ្វើការងារបែបបក្សពួកនិយម បានធ្វើឲ្យរាំងស្ទះ និង ប៉ះពាល់ដល់ការសម្រេចចិត្ត និង ផលិតភាព នៃសកម្មភាពឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាកូវីដ-១៩រាតត្បាតក្នុងប្រទេសថៃ។
លើសពីនេះទៅទៀត ក៏មានការរិះគន់ផងដែរ ទៅលើរដ្ឋាភិបាលថៃ ថា មានការបរាជ័យក្នុងការចែកចាយ និងចាក់វ៉ាក់សាំង ក៏ដូចជាការជំរុញឲ្យពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងឲ្យបានលឿនទាន់ពេលវេលា។
យ៉ាងណាមិញ ថ្មីៗនេះ ក្រុមមាននិន្នាការប្រឆាំងបានចេញមុខរិះគន់ខ្លាំងៗចំពោះរដ្ឋាភិបាល ពិសេសលោកប្រាទ្ធ ចាន់អូចារ និង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានពួកគេស្នើឲ្យលោកនាយករដ្ឋមន្ត្រីថៃ និង រដ្ឋមន្ត្រីក្រសួងសុខាភិបាលទាំងពីររូបនេះ ចុះចេញពីតំណែង និងបានចោទថា មេដឹកនាំរដ្ឋាភិបាលទាំងពីរនាក់នេះ មិនមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ជាដើម។
ស្របពេលដែលវិស័យសុខាភិបាលកំពុងប្រឈមនឹងវិបត្តិមេរោគឆ្លង គេសង្កេតឃើញថា សេដ្ឋកិច្ចថៃ ក៏កំពុងមានការស្រុតចុះទៅតាមដែរ។ ជាក់ស្ដែង តាមការព្យាកររបស់ក្រសួងហិរញ្ញវត្ថុថៃ បានឲ្យដឹងថ្មីៗនេះថា សេដ្ឋកិច្ចថៃនៅឆ្នាំ២០២១នេះ អាចនឹងរក្សាបានកំណើនត្រឹមតែ ២,៣% ប៉ុណ្ណោះ ខណៈដែលកាលពីខែមករាកន្លងទៅ ធ្លាប់ព្យាករថាមានកំណើន ២,៨%។
ការទម្លាក់ព្យាករណ៍កំណើនសេដ្ឋកិច្ចថៃនេះ គឺដោយសារតែឥទ្ធិពលនៃរលកឆ្លងទី៣នៃកូវីដ-១៩ ដែលបាននិងកំពុងបោកបក់កាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ និងកំពុងធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសនេះ បន្ដជួបទុក្ខកាន់តែខ្លាំងថែមទៀត ខណៈដែលការចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ ក៏ហាក់មានភាពយឺតយ៉ាវផងដែរ។ យ៉ាងណាមិញ នៅឆ្នាំនេះ ថៃរំពឹងថា នឹងទទួលបានទេសចរបរទេស ត្រឹមតែ២លាននាក់ប៉ុណ្ណោះ ខណៈកាលពីខែមករាធ្លាប់រំពឹងថាមានដល់ទៅ ៥លាននាក់៕