អាកាសចរណ៍ថៃ

រាជរដ្ឋាភិបាលថៃ នឹងផ្ដល់កម្ចីជាង ៧៧០លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ និងស្នើកុំឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិក


រាជរដ្ឋាភិបាលថៃ នឹងផ្ដល់ប្រាក់កម្ចីអនុគ្រោះប្រមាណជាង ៧៧០លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរព្រោះតែបញ្ហារីករាតត្បាតនៃកូវីដ-១៩។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ សូមកុំបញ្ឈប់បុគ្គលិករបស់ខ្លួននៅអំឡុងពេលដ៏លំបាកនេះ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍ ដែលបានស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ។
រាជរដ្ឋាភិបាលថៃ នឹងផ្ដល់កម្ចីជាង ៧៧០លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ និងស្នើកុំឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិក (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

ការ​គ្រោង​ផ្ដល់​ប្រាក់​កម្ចីនេះ ត្រូវបាន​ធ្វើឡើង​នៅចំពោះ​មុខ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំង​៧ ដែលបាន​ចូល​ជួប​លោក​ប្រយុទ្ធ​ ចន្ទ​អូចា នាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី ២៨ សីហាកន្លងទៅនេះ ដើម្បី​ស្វែងរក​ជំនួយ។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ មានដូចជា ក្រុមហ៊ុន Thai AirAsia និង​Thai AirAsia X របស់​AirAsia Group ម៉ាឡេស៊ី, ក្រុមហ៊ុន Thai Smile Airways, Thai Lion Air, Thai Vietjet Air, Bangkok Airways និង Nok Air។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ បាន​ស្នើឲ្យ​រាជរដ្ឋាភិបាល​បញ្ចេញ​​កញ្ចប់​ថវិកា​កម្ចី​អនុគ្រោះ​ជាង​៧៧០ លាន​ដុល្លារអាមេរិក ឲ្យបាន​កាន់តែឆាប់​តាម​ដែល​អាច​ធ្វើទៅបាន រួមជាមួយនឹង​ការ​ពង្រីក​នៃការ​កាត់​បន្ថយ​ពន្ធ​អាករ​លើ​ប្រេង​ឥន្ធនៈ និងការ​លើកលែង​ ឬការ​បញ្ចុះថ្លៃឈ្នួល​អាកាស​ចរណ៍​រួមមាន ការចុះចត​យន្ដហោះ និងការ​ចត​យន្ដហោះ​ទុកចោល​ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ប្រយុទ្ធ​ ចន្ទអូចា​ បាន​អះអាងថា រាជរដ្ឋាភិបាល​នឹង​ចេញ​វិធានការបន្ទាន់​ ដើម្បីជួយ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​រងផល​ប៉ះពាល់​ ហើយ​លោក​ក៏បាន​បញ្ជាក់ដែរថា ក្រុមហ៊ុន​ក៏មិនគួរ​កាត់បន្ថយ​បុគ្គលិក​របស់ខ្លួន​នោះដែរ។

លោក​នាយករដ្ឋមន្ត្រី​បន្ថែមទៀតថា រាជរដ្ឋាភិបាល​ តាមរយៈ​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋបាល​ស្ថានភាព​កូវីដ-១៩​បាននិងកំពុង​ពិចារណា​លើ​វិធានការ រួមបញ្ចូលទាំង​ការបន្ធូរបន្ថយ​ការរឹតបន្ដឹង​អាកាសចរណ៍ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក។

លេខាធិការ​អចិន្ត្រៃយ៍​ផ្នែក​ហិរញ្ញវត្ថុ​ លោក ប្រាសុង ភូន​ថានាថ បានលើកឡើងថា កម្ចី​អនុគ្រោះនេះ នឹង​ត្រូវផ្ដល់ជូន​តាមរយៈ​ធនាគារ​ពាណិជ្ជ​នៅក្នុង​ខែតុលា ឆ្នាំនេះ ហើយ​កាត់បន្ថយ​ថ្លៃចំណាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ អាច​នឹង​ពន្យារ​ដល់​ខែមីនា ឆ្នាំក្រោយ។ លោកបន្ថែមទៀតថា ការ​កាត់បន្ថយ​ពន្ធ​លើ​ថ្លៃ​ប្រេង​សាំង នឹងបន្ដ​រហូតដល់​ចុងខែក្រោយ។

លោក ថា​សាពុន ប៊ីជីលីវែលដ៍ ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Thai AirAsia បាន​និយាយថា ជំនួយនេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រក្សា​សាច់ប្រាក់​បង្វិល​រហូតដល់​ឆ្នាំក្រោយ នៅពេលដែល​អាជីវកម្ម​ត្រូវបាន​រំពឹងថា នឹង​ងើប​ប្រសើរឡើងវិញ​ ហើយ​នឹង​រក្សា​ការងារ​បុគ្គលិក​ប្រមាណ ២ម៉ឺននាក់៕ 

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាមេរិកដាំក្បាលចុះជាប្រវត្តិសាស្រ្ត ដល់ទៅ -៣១,៧% ក្នុងត្រីមាសទី២ ឆ្នាំ២០២០

នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចលើកទី ២ ដែលបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដល…

នាយកសាលាអន្តរជាតិPlanet ៖ការសម្ពោធសាខាថ្មីមួយទៀតចំពេលមានកូវីដ-១៩នេះ ព្រោះខ្ញុំមើលឃើញឱកាសនៅក្នុងបញ្ហា

ស្របពេលដែលសាលាឯកជនជាច្រើននៅកម្ពុជា បាននិងកំពុងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរនៅអំឡុងពេលនៃមេរោគរាតត្បាតកូវីដ-១៩ នោះ ស្រាប់តែសាលាអន្តរជាតិមួយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ