កូវីដ១៩នៅថៃ-វ៉ាក់សាំង

វ៉ាក់សាំង AstraZeneca ផលិតនៅថៃ នឹងត្រូវចាក់ជូនពលរដ្ឋថៃនៅដើមខែមិថុនា


ក្រោមកិច្ចសហការយ៉ាងល្អរវាងប្រទេសថៃ និង ក្រុមហ៊ុន AstraZeneca របស់អង់គ្លេសដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកថៃ ការផលិតកំពុងប្រព្រឹត្តទៅយ៉ាងរលូនគួរឲ្យកត់សម្គាល់ ដោយវ៉ាក់សាំងបាច់ដំបូងនឹងត្រូវបានប្រើប្រាស់ ដើម្បីចាក់ជូនប្រជាជនថៃនៅដើមខែមិថុនានេះហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកបុស្តិ៍។
ពលរដ្ឋថៃកំពុងទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ពីរដ្ឋាភិបាលខ្លួន - Xinhua
ដោយ

គណៈកម្មការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ និង ឪ​ស​ថ​របស់​ថៃ ហៅ​កាត់​ថា FDA កន្លង​មក​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស្យាម​បាយ​អូ​សាយ​អិន (Siam Bioscience) សហការ​ជាមួយ​ក្រុមហ៊ុន AstraZeneca ក្នុង​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩​ក្នុង​ប្រទេស​ថៃ​ផ្ទាល់​តែ​ម្តង​។

បើ​តាម​រដ្ឋាភិបាល​ថៃ ភាគី​ទាំង​ពីរ​ជា​អ្នក​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​ផ្តល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព និង ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​កំពុង​តែ​អូស​បន្លាយ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ រលក​ទី​៣​។

លោក ជេ​ម ធី​ក (James Teague) ប្រធាន​តំណាង​ក្រុមហ៊ុន AstraZeneca ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា កិច្ចសហការ​ផលិត​រវាង​ក្រុមហ៊ុន​ថៃ និង អង់គ្លេស​នេះ មិន​ត្រឹមតែ​ធានា​បាន​ពី​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ថែម​ទាំង​អាច ដើរតួ​នាទី​សំខាន់​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ក្បែរ​ខាងក្នុង​តំបន់​ផ្សេង​ទៀត ក្នុង​ការ​ទប់ស្កាត់ និង ប្រឆាំង​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩​។

បើ​តាម​ក្រសួងសុខាភិបាល​ថៃ វ៉ាក់សាំង AsrtraZeneca ដែល​ផលិត​នៅ​ថៃ នឹង​ត្រូវ​ផ្តើម​ប្រើប្រាស់​ពី​ថ្ងៃ​ទី​៧ ខែមិថុនា​តទៅ សម្រាប់​ពលរដ្ឋ​ចំនួន ១៦​លាន​នាក់​ដំបូង​។ ជាមួយ​គ្នា​នេះ​ដែរ ថៃ​បាន​បង្ហាញ​ពី​ផែនការ​ចាក់​វ៉ាក់សាំង​មុនគេ ទៅ​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់ ដែល​មានការ​ឆ្លង​រាលដាល​ខ្លាំង​ដូច​ជា ក្រុង​បាងកក ខេត្ត​ឈៀង​ម៉ៃ និង ខេត្ត​ឈុ​ន​បុរី ដើម្បី​រារាំង​កុំ​ឲ្យ​មានការ​ឆ្លង​លឿន​រហ័ស​ពេក​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ត្រង់​ថា មិន​ត្រឹមតែ​រដ្ឋាភិបាល​ថៃ​នោះ​ទេ ដែល​ញ៉ាប់​ដៃ​ញ៉ាប់​ជើង​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ សូ​ម្បី​តែ​វិស័យ​ឯកជន និង​មហាសេដ្ឋី​គ្រាក់​ៗ​នៅ​ថៃ សុទ្ធតែ​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​រដ្ឋាភិបាល​ក្នុង​ផែនការ​ចាក់​វ៉ាក់សាំង​ទូ​ទាំង​ប្រទេស​ចាប់ពី​ខែមិថុនា​នេះ​។

វិស័យ​ឯកជន​បាន​សន្យា​ថា នឹង​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ព​ន្លឿ​ន​ការ​ចែកចាយ​វ៉ាក់សាំង និង​ស្វែងរក​វ៉ាក់សាំង​បន្ថែម​ទៀត​ផង​ដែរ​។

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ជួប​ជាមួយ​តំណាង​សភាពាណិជ្ជកម្ម​ថៃ សមាគម​ធនាគារ​ថៃ និង​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ និង​បាន​កំណត់​ពី​តួនាទី​ជាក់លាក់ ដែល​វិស័យ​ឯកជន​នឹង​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ និង​គ្រោង​នឹង​ចាក់​ឲ្យ​ប្រជាជន​ឲ្យ​បាន ៧០% ក្នុង​ចំណោម​ប្រជាជន​សរុប នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ ។

ក្រៅពី​នោះ​គេ​ឃើញ​មាន ក្រុមហ៊ុន CP Group របស់​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​បំផុត​មួយ​រូប​នៅ​ប្រទេស​ថៃ គឺ​លោក ថា​និ​ន ជ​រ៉ា​វ៉ា​នុ​ន្ទ ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ ដែល​បាន​យល់ព្រម​ចូលរួម​នៅ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ​ដែរ​។ ម្ចាស់​ផ្សារ​ទំនើប អគារ​អចលនទ្រព្យ និង​ឧទ្យាន​ឧស្សាហកម្ម​ធំ​ៗ នឹង​ជួយ​ផ្ដល់​ទីតាំង​សម្រាប់​ធ្វើ​ជា​កន្លែង​ចាក់​វ៉ាក់សាំង នៅ​ពេល​ដែល​ប្រទេស​ថៃ​ទទួល​បាន​វ៉ាក់សាំង​ច្រើន​ថែម​ទៀត​ចាប់ពី​ខែមិថុនា​ទៅ​។

ទោះបី​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ពី​សញ្ញា​ល្អ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​យ៉ាងណា ក៏​ក្រុម​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ មិន​បាន​បង្ហាញ​ការ​ពេញចិត្ត និង​គាំទ្រ​នោះ​ទេ​។

ជាក់ស្តែង បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​បន្ទាប់​ពី​បាន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ចុះ​ចេញពី​តំណែង​ហើយ​នោះ ពេល​នេះ​ពួក​គេ​បាន​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចារ​ចុះ​ចេញពី​តំណែង​ថែម​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ TheThaiger​។

ការ​អះអាង​មិន​ខុស​គ្នា​ពី​ពេល​ដែល​គេ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ចុះ​ចេញពី​តំណែង​នោះ​ទេ ពេល​នេះ ក្រុមប្រឆាំង​បាន​អះអាង​ដូច​គ្នា​ដែរ​ថា លោក​ប្រយុទ្ធ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ស្ថិត​ក្នុង​គ្រោះថ្នាក់ និង​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩​ម្តងទៀត ដែល​បណ្តាល​ឲ្យ​មាន​ឆ្លង​រាលដាល​ម្តងទៀត​ក្នុង​ពេល​ដ៏​ខ្លី បន្ទាប់​ពីរ​លក​ឆ្លង​លើក​មុន​ទើបនឹង​បាន​ស្រាកស្រាន្ដ​បន្តិច​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​ហាក់​មានការ​យឺតយ៉ាវ​នៅឡើយ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ដើម្បី​ទប់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​គិត​មក​ដល់​ពេល​នេះ វ៉ាក់សាំង​ទើបតែ ១,៣​លាន​ដូ​ស​ប៉ុណ្ណោះ ដែល​បាន​ចាក់​ឲ្យ​ប្រជាជន​រួចរាល់ ដែល​ស្មើនឹង ១% នៃ​ប្រជាជន​សរុប​។ បច្ចុប្បន្ន រដ្ឋាភិបាល​ថៃ​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​បន្ថែម ដើម្បី​ឲ្យ​បាន​ដល់ ១០០​លាន​ដូ​ស នៅ​ត្រឹម​ឆ្នាំ​នេះ​៕

None



អត្ថបទបន្ទាប់


ឥណ្ឌានៅតែជំនះធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ទោះស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាលក្ដី

ឥណ្ឌាកំពុងដុនដាបដោយសារកូវីដ-១៩ គ្មានការថមថយបន្តិចណាឡើយ ពេលនេះឥណ្ឌាបានប្រកាសចង់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងលំបាកលំបិន ដល់…

វៀតណាមត្រៀមជើងព្រួលទប់កូវីដ-១៩ ខណៈដែលប្រទេសក្បែរខាងកំពុងឆ្លងរាលដាលខ្លាំង

វៀតណាមកំពុងប្រុងប្រៀបរៀបជើងព្រួលដើម្បីត្រៀមទប់ទល់ប្រឆាំងនឹងការឆ្លងកូវីដ-១៩ ដែលអាចនឹងកើតឡើងក្នុងសហគមន៍ ពីព្រោះបច្ចុប្បន្នប្រទេសក្បែរខាងដូចជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ