អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុឆា ប៊ូរ៉ាផាឆាសារី (Anucha Burapachaisri) បាននិយាយថា ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៣-២០២៤ នេះមានចំនួនច្រើនជាងថវិកាកាលពីឆ្នាំមុនចំនួនជាង ៥% ឬស្មើរនឹងទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លា។ សម្រាប់ឆ្នាំសារពើពន្ធ ២០២២-២០២៣ រដ្ឋាភិបាលថៃបានកំណត់ការចំណាយសរុបចំនួន ៩៥ ពាន់លានដុល្លាជាមួយនឹងឱនភាពថវិកា ចំនួន២១ពាន់លានដុល្លា។
ចំណែកកាលពីថ្ងៃពុធទី៤ខែមករា ទីភ្នាក់ងារសេដ្ឋកិច្ចរដ្ឋចំនួនបួន ដូចជាក្រសួងហិរញ្ញវត្ថុ ការិយាល័យថវិកាជាតិ ធនាគារជាតិថៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច សុទ្ធតែបានអនុម័តលើក្របខណ្ឌនៃថវិកាសារពើពន្ធឆ្នាំ ២០២៣-២០២៤ របស់ប្រទេសថៃ ដែលក្នុងនោះ ចំណាយសរុបនៃថវិការដ្ឋមានចំនួន ១០០ពាន់លានដុល្លា និងឱនភាពថវិកាចំនួន ១៧ពាន់លានដុល្លាដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលគេរំពឹងទុក។ ដោយឡែកចំណូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨២ពាន់លានដុល្លា កើនឡើងចំនួន ១០,៧%។
រដ្ឋាភិបាលថៃរំពឹងថាអត្រាអតិផរណាជាមធ្យមនឹងស្ថិតនៅចន្លោះពី ១% ទៅ ២% នៅក្នុងឆ្នាំសារពើពន្ធថ្មីនេះ ខណៈពេលដែលសមាមាត្រនៃបំណុលសាធារណៈ ធៀបទៅនឹង GDP ស្ថិតនៅចំនួន ៦១,៣៥%។
គួរបញ្ចាក់ផងដែរថា ថវិកាដែលគ្រោងចំនួន ១០០ ពាន់លានដុល្លានេះ ត្រូវបានបែងចែកដូចជា បន្ទុកនៃការចំណាយថេរចំនួន ៧៥ពាន់លានដុល្លា ស្មើរនឹង ៧៤%នៃថវិកាសរុប។ ថវិកានេះក៏រួមបញ្ចូលថវិកាគ្រោងសម្រាប់បំពេញបន្ថែមថវិកាជាតិក្នុងករណីខ្វះខាតចំនួន ១ពាន់លានដុល្លា ដែលស្មើនឹងជាង ១%នៃថវិកាសរុបផងដែរ។ ដូចគ្នានេះដែរ ថវិកាចំនួន ២០ ពាន់លានដុល្លា នឹងត្រូវប្រើប្រាស់សម្រាប់ការវិនិយោគ។ បន្ថែមពីនេះ ថវិកាចំនួន៣,៥ពាន់លាន ដែលជាការកើនឡើង ១៧% ធៀបនឹងឆ្នាំមុន ត្រូវបានបម្រុងទុកសម្រាប់ការសងបំណុលដែលជាកម្ចីរបស់រដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងបន្ថែមទៀតថា ថវិកានេះបានផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់ការលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃ និងសម្រាប់បន្ដការវិនិយោគ ជាពិសេសគឺសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធអប់រំ វិស័យសុខាភិបាល និងការអភិវឌ្ឍន៍វិស័យការងារផងដែរ។ លោកបន្ថែមទៀតថា ចាប់ពីឆ្នាំសារពើពន្ធថ្មីនេះតទៅ រដ្ឋាភិបាលបាននឹងយកចិត្តទុកដាក់លើការគ្រប់គ្រង ឱនភាពថវិកាមិនឲ្យលើសពី ៣% នៃផលិតផលក្នុងស្រុកសរុបឡើយ ដើម្បីសម្រេចឲ្យបាននូវ តុល្យភាពថវិកាជាតិ៕
អត្ថបទ ៖ សារៀម លក្ខិណា