កាសែតថៃដដែលនេះ បានឲ្យដឹងទៀតថា អាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានប្រាប់ទៅកាន់អាជីវករខ្មែរដែរ ថា ប៉ុស្ដិ៍ត្រួតពិនិត្យច្រកខ្លងលុក (Klong Luek)ជាប់នឹងព្រំដែនកម្ពុជាក្រុងប៉ោយប៉ែត នឹងបើកទ្វារសម្រាប់រយៈពេល៥ម៉ោងចាប់ពីម៉ោង៨ព្រឹក ជារៀងរាល់ថ្ងៃ។
អាជីវករខ្មែរពីប៉ោយប៉ែតត្រូវបានអនុញ្ញាតឲ្យចូលតាមច្រក Klong Luek ដើម្បីទៅប្រមូលយកទំនិញដែលពួកគេបានទុកចោល នៅក្នុងហាងរបស់ពួកគេក្នុងប្រទេសថៃ នៅពេលដែលមានការរីករាលដាលនៃកូវីដ-១៩ ធ្វើឲ្យព្រំដែនត្រូវបានបិទទ្វារ។
បើទោះបីជាការរឹតបន្ដឹងលើកូវីដ-១៩ ត្រូវបានដកចេញមួយផ្នែកធំទៅហើយក្ដី តែព្រំដែនថៃជាមួយបណ្ដាប្រទេសជិតខាងនៅតែបិទទ្វារ ដែលវាជំរុញឲ្យមានការអំពាវនាវបើកប៉ុស្ដិ៍ត្រួតពិនិត្យតាមព្រំដែនឡើងវិញ។
តាមប្រភពពីព្រំដែនបានប្រាប់កាសែតបាងកកប៉ុស្ដិ៍ទៀតថា ការអនុញ្ញាតត្រូវបានផ្ដល់សម្រាប់អាជីវករខ្មែរ ដើម្បីចូលទៅក្នុងទឹកដីថៃ ក្នុងគោលបំណងទទួលយកទំនិញរបស់ពួកគេមុននឹងវិលមកក្រុងប៉ោយប៉ែតវិញ។
ទោះយ៉ាងណា ក្រុមអាជីវករខ្មែរទាំងនោះមិនត្រូវបានអនុញ្ញាត ឲ្យចូលទិញ ឬលក់ទំនិញក្នុងទឹកដីថៃនោះឡើយ។ ពួកគេត្រូវចុះឈ្មោះ សម្រាប់ការឆ្លងចូលព្រំដែន ហើយអាជីករម្នាក់ៗអាចនឹងមកជាមួយឡានដឹកទំនិញមួយគ្រឿង ដែលមានគ្នាមិនលើសពី២នាក់នោះឡើយ។ នៅពេលទៅដល់ប៉ុស្ដិ៍ត្រួតពិនិត្យពួកគេនឹងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ហើយត្រូវពាក់ម៉ាស់មុខគ្រប់ពេល។ ពួកគេនឹងត្រូវបានឃ្លាំមើលដោយអាជ្ញាធរ និងមិនអនុញ្ញាតឲ្យចាកចេញទៅណាឡើយ លើកលែងតែវិលត្រឡប់មកប៉ោយប៉ែតវិញ។
ការបើកព្រំដែនឡើងវិញសម្រាប់ការចូលទៅប្រមូលទំនិញពីប្រទេសថៃនេះ គឺក៏បានធ្វើឡើងនៅតាមច្រកព្រំដែនមួយចំនួនទៀតរបស់ថៃដូចជា Ta Phraya, Nong Prue និង Khao Dinជាដើម៕