លោក ឡាត់ដា សម ប៉ ថុង ប្រធានសមាគមអាជីវកម្មភោជនីយដ្ឋានថៃ បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ វិស័យមួយនេះ បានជួបការលំបាកជាច្រើនលើក ជាច្រើនសារ រួចទៅហើយ តែវិបត្តិនៃមេរោគកូវីដ ដ៏កាចសាហាវនេះ ជាករណីធ្ងន់ធ្ងរជាងគេបំផុត ដែលអាចធ្វើឲ្យ ភោជនីយដ្ឋាន ប្រមាណពី ៥ពាន់ ទៅ ៧ពាន់កន្លែង នឹងត្រូវបិទទ្វារនៅក្នុងឆ្នាំ ២០២០នេះ។
លោកបន្តថា សមាគម មានសមាជិកជាង ៥ម៉ឺនកន្លែង ទូទាំងប្រទេសថៃ ហើយក្នុងនោះប្រតិបត្តិករ ១០% ទៅ ១៥% ទទួលរងគ្រោះខ្លាំងជាងគេ ភាគច្រើនជា អាហារដ្ឋានខ្នាតធំ និងខ្នាតមធ្យម ដែលមានទីតាំងនៅក្នុងតំបន់ទេសចរណ៍គោលដៅសំខាន់ៗ។យ៉ាងណាក៏ដោយ សមាគមអាជីវកម្មភោជនីយដ្ឋានថៃ កំពុងតែចរចារជាមួយនឹង ធនាគារពាណិជ្ជជាច្រើន ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ពិសេសសម្រាប់កម្ចីនានា។
បើតាមរបាយការណ៍ពី មជ្ឈមណ្ឌលស្រាវជ្រាវ កាស៊ីខន បានបញ្ជាក់ថា ការចំណាយរបស់ភ្ញៀវទេសចរណ៍បរទេស មកលើម្ហូបអាហារ មានប្រមាណ ១៥% នៃការចំណាយសរុបរបស់ពួកគេ ប្រមាណ ៦០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។
កាលពីឆ្នាំ ២០១៩កន្លងទៅ វិស័យម្ហូបអាហាររបស់ ថៃ រកប្រាក់ចំណូលបានប្រមាណ ១៣ពាន់លានដុល្លារអាមេរិក កើនឡើង ៥% ធៀបនឹងឆ្នាំ ២០១៨។ជាចុងក្រោយ មជ្ឈមណ្ឌលស្រាវជ្រាវ កាស៊ីខន បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២០ ថៃ អាចរកប្រាក់ចំណូលពី វិស័យម្ហូបអាហារ បានប្រមាណ ១២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនឹងថយចុះ ៦% ធៀបនឹងឆ្នាំមុន៕