អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក សានទី ព្រំផាត (Santi Promphat) បាននិយាយនៅថ្ងៃទី ១៦ ខែសីហាថា ក្រសួងនេះនឹងបើកវគ្គថ្មីនៃការចុះឈ្មោះទទួលបានបណ្ណគាំពារសុខុមាលភាពរបស់រដ្ឋ សម្រាប់អ្នកដែលមានចំណូលទាបចាប់ពីថ្ងៃទី០៥ ខែកញ្ញាដល់ថ្ងៃទី១៩ ខែតុលា។
លោក សានទី បាននិយាយទៀតថា ចំនួនអ្នករកចំណូលទាប ដែលមានសិទ្ធិទទួលបានសុខុមាលភាពរដ្ឋ និងការឧបត្ថម្ភធននេះត្រូវបានប៉ាន់ប្រមាណថា មានប្រហែលពី ១៣ លាននាក់ទៅ ១៥ លាននាក់ ហើយថវិកាយ៉ាងហោចណាស់ ជាង ១ពាន់៣រយលានដុល្លារកំពុងត្រូវបានត្រៀមទុកសម្រាប់គម្រោងនេះ។
លោក សានទី បាននិយាយថា ចំនួនអ្នកចូលរួមក្នុងគម្រោងនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងតិចតួចប៉ុណ្ណោះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ កំពុងធូរស្រាលជាងមុន ហើយឥឡូវប្រទេសថៃបានបើកចំហយ៉ាងពេញលេញសម្រាប់ភ្ញៀវបរទេស។
បច្ចុប្បន្ននេះ មានអ្នកកាន់បណ្ណសុខុមាលភាពរបស់រដ្ឋចំនួនជាង ១៣លាននាក់ដែលទទួលបានការការផ្ដល់ការទូទាត់ក្នុងតម្លៃប្រមាណ ៨,៥ដុល្លារក្នុងមួយខែ បាតប្រសិនបើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេស្ថិតនៅក្រោម ៨៤៦ដុល្លារក្នុងមួយឆ្នាំ ឬក៏ទទួលបានផ្ដល់ជូនប្រចាំខែ ប្រហែល ៥,៦ដុល្លារ ប្រសិនបើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេមានចន្លោះពី៨៤៦ដុល្លារ ទៅដល់ជាង២ពាន់៨រយដុល្លារក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ពលរដ្ឋដែលស្ថិតក្រោមការទទួលបានការគាំពារពីរដ្ឋនេះក៏នឹងទទួលបានប្រាក់ឧបត្ថម្ភជាង១៤ដុល្លារផ្សេងទៀត ក្នុងមួយខែ សម្រាប់ចំណាយលើការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈផងដែរ។
ហើយជុំថ្មីនៃគម្រោងប័ណ្ណសុខុមាលភាពរដ្ឋសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនេះត្រូវគេរំពឹងថានឹងត្រូវបានអនុវត្តចាប់ពីខែកុម្ភៈឆ្នាំក្រោយ ហើយម្ចាស់បណ្ណបច្ចុប្បន្ននៅតែអាចប្រើបណ្ណនេះបានជាដដែល៕
អត្ថបទ៖ សុខ ជា