លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីកុសល (Sudawan Wangsuphakijkosol ) រដ្ឋមន្ត្រីកីឡា និងទេសចរណ៍ថៃ បាននិយាយថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រាជាណាចក្រជិតខាងកម្ពុជាមួយនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង២១លាននាក់ ជាមួយនឹងប្រាក់ចំណូលបានជាង៨៨០ពាន់លានបាត ឫប្រមាណជា២៤ពាន់លានដុល្លារ។
លោកស្រីបានបន្តថា នៅក្នុងរយៈពេលនេះ ភ្ញៀវទេសចរបរទេសដែលបានមកលេងនៅថៃច្រើនជាងគេ គឺម៉ាឡេស៊ី ដែលមានប្រមាណ៣លាន៤សែននាក់ ចិនជាង២លាន៦សែននាក់ កូរ៉េខាងត្បូងជាង១លាន២សែននាក់ ឥណ្ឌា១លាន២សែននាក់ និងរុស្ស៊ីជាង១លាននាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ថាផានី គៀតផៃបុល (Thapanee Kiatphaibool ) អភិបាលអាជ្ញាធរទេសចរណ៍ថៃ បានឲ្យដឹងថា នៅត្រីមាសទី៤ ថៃគ្រោងនឹងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន៧លាននាក់បន្ថែមទៀត ដោយនៅក្នុងនោះសម្រាប់ខែតុលា គឺគ្រោងទាក់ទាញឱ្យបាន២លាននាក់ ហើយខែវិច្ឆិកា និងខែធ្នូ គឺឱ្យបាននៅក្នុងមួយខែជាង២លាននាក់។
លោកស្រីបានអះអាងថា នេះគឺជាការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយម ហើយក្តីរំពឹងធំ គឺលើភ្ញៀវទេសចរម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី ស្របពេលថៃ នៅមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត ដែលមានសក្តានុពេលសម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសព្រឹត្តិការណ៍រាប់ថយក្រោយឆ្លងឆ្នាំ និងព្រឹត្តិការណ៍បុណ្យបណ្តែតប្រទីបជាដើម។
សម្រាប់ទីផ្សារចិន ថៃក៏នឹងបន្តរៀបចំកម្មវិធីជាច្រើនទៀត ហើយនៅក្នុងសប្តាហ៍នេះ ថៃ និងចិននឹងចុះកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាជ្ញាធរទេសចរណ៍ថៃ ជាមួយនឹងស្ថាប័ន និង ក្រុមហ៊ុនធំៗរបស់ចិន ដើម្បីជំរុញទំនុកចិត្តដល់ទីផ្សារនៅប្រទេសនេះ។
សម្រាប់ឆ្នាំក្រោយអាជ្ញាធរទេសចរណ៍ថៃ កំពុងតែរៀបចំស្នើសុំថវិកា៦០០លានបាត ឫជាង ១៦លានដុល្លារ ដើម្បីរៀបចំយុទ្ធសាស្រ្តទីផ្សារ ជំរុញការធ្វើទំនាក់ទំនងសាធារណៈ និង រៀបចំព្រឹត្តិការណ៍ផ្សេងៗ។ តាមផែនការដែលបានព្រាងនេះ អាជ្ញាធរទេសចរណ៍ថៃ រំពឹងថា ខ្លួនអាចនឹងរកប្រាក់ចំណូលពីការចំណាយនេះមកវិញបានប្រមាណជាជិត៣២ពាន់លានបាត ឫប្រមាណជិត៨៧០លានដុល្លារ៕
ដោយៈសរ សុជាតិ