រដ្ឋាភិបាលថៃនឹងរឹតបន្តឹងចន្លោះប្រហោងនៃច្បាប់ពន្ធរបស់ខ្លួនលើប្រាក់ចំណូលនៅក្រៅប្រទេស និងពន្ធផ្សេងៗទៀត ខណៈដែលរដ្ឋាភិបាលថ្មីស្វែងរកការកាត់បន្ថយវិសមភាពប្រាក់ចំណូល ក៏ដូចជាការបង្កើនប្រាក់ចំណូល ដើម្បីចំណាយសម្រាប់វិធានការជំរុញសេដ្ឋកិច្ចដែលកំពុងជួបបញ្ហា។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post លិខិតបទដ្ឋានរដ្ឋបាលថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ នឹងអនុញ្ញាតឱ្យអាជ្ញាធរអាចយកពន្ធលើប្រាក់ចំណូលបរទេសរបស់បុគ្គល ប្រសិនបើពួកគេជាអ្នករស់នៅក្នុងប្រទេសថៃយ៉ាងហោចណាស់១៨០ថ្ងៃក្នុងឆ្នាំវាយតម្លៃជាក់លាក់។
លោក ស្រ៊ីថា បាននិយាយអំពីបញ្ហានេះ ដោយលើកឡើងថា នេះគឺជាគោលការណ៍ថ្មីមួយដោយសំដៅលុបបំបាត់គម្លាតទ្រព្យសម្បត្តិ ដែលកំពុងកើនឡើងដោយសារចន្លោះប្រហោងពន្ធ។ លោកបានសង្កត់ធ្ងន់ថា “មនុស្សមួយចំនួនប្រហែលមិនសប្បាយចិត្តដែលខ្ញុំជីកកកាយនូវបញ្ហានេះឡើង ប៉ុន្តែវិសមភាពគឺជាបញ្ហាធំ”។ លោកបានបន្តថា គោលការណ៍ពន្ធនេះគឺអ្នកត្រូវបង់ពន្ធលើប្រាក់ចំណូលដែលអ្នករកបានមិនថា អ្នករកបានដោយរបៀបណានោះទេ។
យ៉ាងណាមិញរដ្ឋាភិបាលចម្រុះថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវការប្រាក់ចំណូលដើម្បីចំណាយសម្រាប់ផែនការជំរុញសេដ្ឋកិច្ចរបស់ខ្លួន ដែលជាចំណុចកណ្តាលនៃរបៀបវារៈសេដ្ឋកិច្ច។ វិធានការមួយក្នុងចំណោមវិធានការណ៍ ដែលបានប្រកាសដោយរដ្ឋបាលថៃនៅពេលនេះ គឺការប្រគល់សាច់ប្រាក់ចំនួន៥៦០ពាន់លានបាតឫ ជិត១៦ពាន់លានដុល្លារដល់មនុស្សពេញវ័យសរុប៥៥លាននាក់នៅថៃនៅត្រីមាសទីមួយឆ្នាំក្រោយដើម្បីជំរុញតម្រូវការក្នុងស្រុក។
ដោយឡែកបញ្ហាពន្ធលើដី និងអគារ ក៏ដូចជាពន្ធមរតកសាស្រ្ត ក៏ជាច្រកមួយដែលរដ្ឋាភិបាលថៃថ្មីកំពុងផ្តោតការយកចិត្តទុកដាក់ផងដែរ ខណៈដែលគេដឹងថា លោកនាយករដ្ឋមន្រ្តីថ្មីនេះ ជាអតីតអ្នកជំនូញខាងវិស័យនេះស្រាប់។ សម្រាប់លោក ស្រ៊ីថា តម្លៃពន្ធមរតកសាស្រ្ត ដែលមន្រ្តីពន្ធប្រមូលបានប្រមាណជា២០០លានបាត ឫជាង៥លានដុល្លារក្នុងមួយឆ្នាំ ដូចជាតិចពេក ហើយតួរលេខដូចជាមិនគួរអោយជឿជាក់បាន។
នាយករដ្ឋមន្ត្រីថៃរូបនេះជឿថា មានមនុស្សជាច្រើនប្រហែលជាមិនពេញចិត្ត ដែលពន្ធមរតកសាស្រ្តត្រូវបានយកមកពិភាក្សានៅពេលដែលមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្រប់គ្នាត្រូវតែបង់ពន្ធទៅតាមកាតព្វកិច្ច៕
ដោយៈ សរ សុជាតិ