ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ (Nuttavudh Photisaro) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា ទីបំផុតទៅ ក្រុមហ៊ុនលក់រាយដ៏ធំជាងគេនៅប្រទេសថៃដែលមានឈ្មោះថា សិនត្រាល់ គ្រុប នឹងមកបោះទីតាំងវិនិយោគផ្សារទំនើបដ៏ធំជាងគេនៅប្រទេសកម្ពុជា ក្នុងឆ្នាំនេះ។
ឯកឧត្តមបន្តថា តំណាងក្រុមហ៊ុនថៃមួយនេះបានមកសិក្សាលើទីតាំងសម្រាប់សាងសង់រួចហើយ។ យ៉ាងណាក៏ដោយ ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ មិនបានប្រាប់ទីតាំងសាងសង់ផ្សារទំនើបដ៏ធំជាងគេរបស់ថៃនៅកម្ពុជានេះទេ ប៉ុន្តែគ្រាន់តែបង្ហើបឲ្យដឹងថា ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីមួយ ក្នុងទីក្រុងភ្នំពេញ។
ឯកអគ្គរាជទូតប្រចាំកម្ពុជារូបនេះ ថ្លែងថា លោកមានមោទនភាពដែលក្នុងអាណត្តិការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេលបីឆ្នាំកន្លងមកនេះ លោកបានខិតខំកៀងគរវិនិយោគិនថៃតូចធំជាច្រើនឲ្យមកវិនិយោគនៅប្រទេសកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនលក់រាយ សិនត្រាល់ គ្រុបនេះ លោកបានទាក់ទាញតាំងពី ៣ឆ្នាំមុនមកម្ល៉េះ។
ក្រុមហ៊ុន សិនត្រាល់ គ្រុប មានអាជីវកម្មធំៗជាច្រើន ដូចជា ផ្សារទំនើបថៃ ផ្សារទំនើប BigC មជ្ឈមណ្ឌលប៉ាតាយ៉ា រ៉ូប៊ីនសុន ឌីផាតមិនស្ទ័រ មជ្ឈមណ្ឌលសណ្ឋាគារផ្លាហ្សា និង ក្រុមហ៊ុនផលិតអាហារទាន់ចិត្ត ជាដើម។
ក្រុមហ៊ុន សិនត្រាល់គ្រុប ទទួលបានប្រាក់ចំណេញចំនួនប្រមាណជិត ១០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦ ពោលគឺមានការកើនឡើងប្រមាណជាង ១៣ភាគរយ ធៀបនឹងឆ្នាំ២០១៥។
ហើយនៅក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន សិនត្រាល់ គ្រុប មានផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅអឺរ៉ុប កម្ពុជា វៀតណាម ភូមា ឡាវ ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ណាត់តាវុធ ប៉ូទីសារ៉ូ បញ្ជាក់ថា តាមរយៈការវិនិយោគផ្សារទំនើបដ៏ធំមួយនេះ សង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ អាចនឹងកើនឡើងខ្លាំង។
យោងតាមរបាយការណ៍ពីស្ថានទូតថៃប្រចាំនៅកម្ពុជា បង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ កាលពីឆ្នាំ២០១៦ សម្រេចបានទឹកប្រាក់ ៥ពាន់ ៦០០លានដុល្លារ ពោលគឺមានការថយចុះ ៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើទោះបីជាទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងមានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែកម្ពុជាហាក់បីដូចជាទទួលបានទឹកប្រាក់តិចតួចពីទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំខាន់ៗទៅទីផ្សារថៃ ដែលមានតម្លៃទឹកប្រាក់ ៩៣៦លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញ គឺក្នុងទឹកប្រាក់ ៤ពាន់ ៧០០លានដុល្លារ។ ដូច្នេះបើមើលពីទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឃើញថា កម្ពុជាចំណេញតិចតួចណាស់៕