បញ្ហាដំឡើងថ្លៃអគ្គិសនីប្រើប្រាស់សម្រាប់ក្រុមគ្រួសារពលរដ្ឋនេះ រាជរដ្ឋាភិបាលថៃ ក៏រងការរិះគន់ពីសំណាក់ក្រុមបក្សនយោយបាយមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ខែ មីនា។
តើការសម្រេចតម្លើងថ្លៃអគ្គីសនីសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋ នៅក្នុងស្ថានភាពដែលថៃកំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំ ការបោះឆ្នោតនេះនឹងជះឥទ្ធិពលយ៉ាងណា ?
លោក Korn Chatikavanij មេដឹកនាំគណបក្ស Chartpattanakla បានឱ្យដឹងថា រដ្ឋាភិបាលកំពុងផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មដោយការបញ្ចុះថ្លៃអគ្គិសនីជាពិសេសដល់ពួកគេ ប៉ុន្តែបែជាដំឡើងថ្លៃដល់ពលរដ្ឋថៃទៅវិញ ។
លោកបានអះអាងថា នេះគឺជាការសម្រេចចិត្តនៅក្នុងពេលវេលាដ៏អាក្រក់មួយ ខណៈដែល ពេលនេះពលរដ្ឋកំពុងតែត្រូវការថាមពលខ្លាំងបំផុត ស្របពេលដែលតំបន់ជាច្រើនកំពុងតែប្រឈមមុខ នឹងអាកាសធាតុក្តៅនារដូវប្រាំង ។
លោកបញ្ជាក់ថា ពីខែមេសា ដល់ សីហា គឺជាពេលវេលាដែលពលរដ្ឋត្រូវការប្រើប្រាស់ថាមពលអគ្គីសនីច្រើនបំផុត ពីព្រោះវាគឺជារដូវក្តៅ ហើយការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលបានបរាជ័យនៅក្នុងការគិតគូរអំពីសុខទុក្ខពលរដ្ឋនៅក្នុងអំឡុងពេលដែលពិបាក ។
បើតាមគណៈកម្មការគ្រប់គ្រងថាមពលថៃ បានអះអាងថា កត្តាចម្បងដែលធ្វើឲ្យមានការដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់របស់ក្រុមគ្រួសារពលរដ្ឋ គឺដោយសារតែតម្លៃប្រេងឥន្ធនៈមានការកើនឡើងប្រមាណ ៥% នៅអំឡុងខែឧសភាដល់សីហា ហើយនៅអំឡុងពេលដូចគ្នានេះ តម្លៃប្រេងឥន្ធនៈទាក់ទងនឹងការបំប្លែងជាថាមពលប្រើប្រាស់នៅក្នុងឧស្សាហកម្ម គឺត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះ៣០%។
ប្រទេសថៃដែលមានប្រជាពលរដ្ឋប្រមាណជា ៧០ លាននាក់ គឺអាចមានសមត្ថភាពផលិតថាមពល អគ្គីសនីសរុប ប្រមាណជា ៤៩ ជីហ្គាវ៉ាត់ ហើយបញ្ហាដែលនាំឲ្យថៃតម្លើងថ្លៃអគ្គីសនីនេះ គឺដោយសារតែការប្រែប្រួលតម្លៃប្រភពថាមពល ដែលបម្រើឲ្យការផលិតអគ្គីសនីនៅថៃ ដូចជា តម្លៃថាមពលប្រេងឥន្ធនៈ និង ធ្យូងថ្ម ទោះបីជាពេលនេះរោងចក្រថាមពលថៃមួយផ្នែកបានមក ពីវារីអគ្គីសនី និង ថាមពលកកើតឡើងវិញមួយចំនួនក៏ដោយ ។