រដ្ឋាភិបាលថៃ កាលពីពេលកន្លងទៅនេះ បានដាក់ចេញនូវវិធាការជំរុញវិស័យទេសចរណ៍ចំនួន ១៦ចំណុច ក្នុងគោលដោ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបរទេសឲ្យធ្វើដំណើរមកកាន់ប្រទេសថៃ កាន់តែច្រើនឡើង ក្នុងនោះ រួមមានការបើកនូវហាង និងបញ្ជលក់ទំនិញរួចពន្ធ, ការបើកឲ្យមានច្រកព្រំដែនឆ្លងកាត់២៤ម៉ោង ថៃ-ម៉ាឡេស៊ី និងព្រំដែនថៃ-ឡាវ នៅអំឡុងថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក, ការបង្កើតឲ្យមានសេវាទិដ្ឋាការអេឡិចត្រូនិក (E-visa) និងការលើកលែងថ្លៃទិដ្ឋាការមកដល់រហូតដល់ថ្ងៃទី ៣០ខែមេសាឆ្នាំ២០២០នេះ ហើយអ្វីដែលពិសេសទៀតនោះ គឺការបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ថ្លៃចុះចតយន្ដហោះ ដែលជាជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែធ្នូ ២០១៩ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរទេសចរណ៍ថៃ ក៏រំពឹងទុកដែរថា នឹងទទួលបានប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ទាំងមូលប្រមាណ ១០០ ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ៤% ធៀបនឹងឆ្នាំមុន។ ចំណូលនេះ គឺមានរួមបញ្ជូលពីភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦៧ ពាន់លានដុល្លារអាមេរិក និងបានមកពីភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង ៣៨ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយចុះ បើតាមការបញ្ជាក់ពីអាជ្ញាធរថៃ នៅឆ្នាំនេះ ហាក់មានការរំពឹងកំណើនភ្ញៀវទេសចរអន្តរជាតិ ត្រឹមអត្រាតិចជាង៥% ប៉ុណ្ណោះ ដោយសារតែសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការប្រកួតប្រជែងខ្លាំង និងតម្លៃប្រាក់បាតថៃឡើងថ្លៃខ្ពស់។
ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters នាពេលថ្មីៗនេះ ប្រទេសថៃ កាលពីឆ្នាំមុន ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣៩លាន ៧សែននាក់ ពោលគឺស្ថិតនៅក្រោមគោលដៅ ដែលបានកំណត់ ៤០លាននាក់។
បើតាមការព្យាករពី ក្រុមប្រឹក្សាទេសចរណ៍ថៃ នៅឆ្នាំនេះ ចំនួនទេសចរជនជាតិចិន អាចនឹងមានប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គឺមានប្រមាណ ១១លាននាក់ ខណៈដែលមានជនជាតិចិនកាន់តែច្រើន នឹងធ្វើដំណើរទៅប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។ ហេតុផលមួយទៀត ដែលធ្វើឲ្យចំនួនទេសចរចិនមិនមានកំណើន គឺដោយសារតែប្រាក់បាតថៃឡើងខ្ពស់ ដែលបានកើនឡើងជិត១១% ធៀបនឹងប្រាក់យន់របស់ចិន កាលពីឆ្នាំមុន ហើយនេះ ត្រូវបានគេចាត់ទុកថា គឺជាផលប៉ះពាល់ធំ សម្រាប់វិស័យទេសចរណ៍ថៃ។
ទោះជាយ៉ាងនេះក្ដី អាជ្ញាធរទេសចរណ៍ថៃ ក៏រំពឹងដែរថា ចំនួនភ្ញៀវទេសចរចិន ប្រមាណ៨០ម៉ឺននាក់ នឹងធ្វើដំណើរមកកាន់ប្រទេសថៃ នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗនេះ ដែលចំនួននេះ គឺមានប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏រំពឹងចំនួនទេសចរជនជាតិឥណ្ឌានឹងហក់កើនឡើង៣០% នៅឆ្នាំនេះ ពោលគឺកើនឡើងពីជាង ២លាននាក់កាលពីឆ្នាំ២០១៩។
សូមបញ្ជាក់ថា ឥណ្ឌា គឺជាប្រភពភ្ញៀវទេសចរណ៍ធំបំផុត ទី៣ របស់ប្រទេសថៃ បន្ទាប់ពីចិន និងម៉ាឡេស៊ី៕