អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ បានលើកឡើងថា ទោះបីជាមានវិបត្តិកូវីដ១៩ និងបញ្ហាផ្ទុះការតវ៉ាប្រឆំាងនៅក្នុងនយោបាយក្តី វិនិយោគិនបរទេស នៅតែមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសថៃ ព្រោះពួកគេពិចារណាទៅលើគម្រោងរយៈពេលវែង ជាងរយៈពេលខ្លី។
ប្រទេសជប៉ុន នៅតែជាវិនិយោគិនបរទេស ដែលបានបោះទុនវិនិយោគក្នុងប្រទេសថៃ ច្រើនជាងគេបង្អស់ប្រមាណ ១ពាន់ ២រយលានដុល្លារអាមេរិក ខណៈប្រទេសចិន បោះទុនប្រមាណ ៧០០លានដុល្លារអាមេរិក។
ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ ២០២០នេះ បើគិតបញ្ចូលទាំង គម្រោងវិនិយោគក្នុងស្រុក និងមកពីក្រៅប្រទេស គឺមានជាង ១ពាន់គម្រោង សរុបទុនវិនិយោគប្រមាណ ៧ពាន់ ២រយលានដុល្លារអាមេរិក ធ្លាក់ចុះ ១៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយគម្រោងភាគច្រើន មានទំហំតូចជាងមុន។
ជាមួយគ្នានេះ គម្រោងវិនិយោគថ្មីៗមាន ៤៧% នៃសំណើវិនិយោគទាំងអស់ ខណៈដែរ ៥៣% គឺជាសំណើពង្រីកគម្រោងដែលមានស្រាប់។
ក្រុមប្រឹក្សាវិនិយោគថៃ បានគូសបញ្ជាក់បន្ថែមថា ទោះបីជាការវិនិយោគទូទាំងសកលលោក ធ្លាក់ចុះដោយសារតែវិបត្តិមេរោគកូវីដ១៩ក្តី ថៃ នៅតែរំពឹងទទួលបានការវិនិយោគទាំងអស់ ៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលគោលដៅនេះ ទាបជាងគោលដៅឆ្នាំ ២០១៩ ដល់ទៅ ៦០%។
ទោះយ៉ាងណាក៏ដោយ ថៃ នៅតែរំពឹងថា ការលើកទឹកចិត្តវិនិយោគពិសេសៗជាច្រើន នឹងអាចទាក់ទាញ និងជំរុញការវិនិយោគ បានកាន់តែច្រើនបន្ថែមទៀត។
គួរជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅគម្រោងវិនិយោគសរុបនៅក្នុងប្រទេសថៃ មានជាង ១ពាន់ ៦រយគម្រោង ដែលមានទុនវិនិយោគសរុប ២៤ពាន់លានដុល្លារអាមេរិក៕