នៅប៉ុន្មាននៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងប្រទេសថៃ គេសង្កេតឃើញថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយចំនួនមានភាពរអាក់រអួលខ្លះៗ ដោយសារតែមានអ្នកមកចុះឈ្មោះចាក់វ៉ាក់សាំងច្រើនជាងការកំណត់ វាបានធ្វើឲ្យមានការពន្យារពេលការចាក់វ៉ាក់សាំងផងដែរ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃដំបូងនៃកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ថៃ មានមនុស្សជាង ៣០ម៉ឺននាក់ឯណោះ ដែលបានទទួលការចាក់វ៉ាក់សាំង។ តាមគោលដៅ ថៃគ្រោងចាក់វ៉ាក់សាំងឲ្យបានដល់៦លានដូស នៅក្នុងខែមិថុនានេះ។ហើយ វ៉ាក់សាំងដែលត្រូវយកមកចាក់ជូនពលរដ្ឋរបស់ខ្លួននោះរួមមាន វ៉ាក់សាំងប្រភេទ AstraZeneca របស់អង់គ្លេសនិង វ៉ាក់សាំង Sinovac របស់ចិន។
ទោះបីយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បាននិយាយទៅកាន់អ្នកសារព័ត៌មាន អំឡុងពេលលោកចុះទៅត្រួតពិនិត្យមើលមជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងក្រុងបាងកកនាពេលថ្មីៗនេះថា «រដ្ឋាភិបាលថៃធានាថា ពលរដ្ឋថៃនឹងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។»
រដ្ឋាភិបាលថៃកំពុងមានផែនការនឹងទិញវ៉ាក់សាំង ១០០លានដូស ដើម្បីចាក់ជូនពលរដ្ឋ៥០លាននាក់ ឬស្មើនឹង៧០% នៃប្រជាជនសរុបនៅត្រឹមចុងឆ្នាំ២០២១នេះ ដើម្បីត្រៀមបើកប្រទេសទាំងស្រុងឡើងវិញនៅខែមករាដើមឆ្នាំក្រោយ។
ប្រទេសថៃ កាលពីឆ្នាំ២០២០មុននេះ រក្សាបានតួលេខឆ្លងកូវីដ-១៩ ក្នុងចំនួនទាប ប៉ុន្ដែ ចាប់តាំងពីមានផ្ទុះរលកឆ្លងកូវីដ-១៩លើកទី៣ ដែលបានចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ២០២១មក ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ បានហក់ឡើងយ៉ាងខ្លាំង សរុបមកទល់ពេលនេះមានអ្នកឆ្លងជិត២០ម៉ឺននាក់ ខណៈអ្នកស្លាប់មានជាង១២០០ នាក់។
អាជ្ញាធរថៃនៅដើមសប្ដាហ៍នេះ បានបញ្ជាក់ថា ថៃបានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីប្រភេទ B.1.617.2 ដែលគេច្រើនហៅថា មេរោគបំប្លែងថ្មីពីឥណ្ឌាដល់ទៅ ២៣៥ករណី ដែលបានឆ្លងរាលដាលក្នុងខេត្តចំនួន៩ នៅទូទាំងប្រទេសថៃ។
ក្រសួងសុខាភិបាលថៃ នៅដើមសប្ដាហ៍នេះ បានបញ្ជាក់ថា ថៃនឹងទទួលបានវ៉ាក់សាំងបន្ថែមជាង៣លាន៤សែនដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៅខែក្រោយនេះ ប៉ុន្ដែ ថៃមិនបានបញ្ជាក់ថា តើការផលិតផលិតវ៉ាក់សាំង AstraZeneca ក្នុងស្រុករបស់ខ្លួនមានចំនួនប៉ុន្មាននៅឡើយទេ។
ប្រទេសថៃរំពឹងថា នឹងចុះកិច្ចសន្យានៅក្នុងសប្ដាហ៍នេះ ដើម្បីទទួលបានវ៉ាក់សាំងPfizerBioNTech ចំនួន២០លានដូស និង ៥លានដូសទៀតជា វ៉ាក់សាំង Johnson & Johnson។
សូមបញ្ជាក់ថា ប្រទេសថៃ ថ្មីៗនេះ ក៏បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនអាចលក់វ៉ាក់សាំងកូវីដ-១៩ចាក់ជូនពលរដ្ឋរបស់ខ្លួនផងដែរ ដោយក្នុងនោះ វ៉ាក់សាំងអាមេរិក Moderna ត្រូវបានអនុញ្ញាតឲ្យលក់ចាក់ជូនពលរដ្ឋថៃក្នុងតម្លៃជិត ១២២ដុល្លារ សម្រាប់ការចាក់ចំនួន២ដូស៕