របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា បើគិតក្នុងលំដាប់ប្រទេសដែលភ្ញៀវទេសចរចូលចិត្តចំណាយលុយដើរកម្សាន្ដច្រើនជាងគេ បានបង្ហាញថា ប្រទេសថៃ គឺឈរក្នុងលំដាប់ជួរមុខគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីផ្សេងៗទៀត។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៧ កន្លងទៅប្រទេសថៃ បានប្រមូលចំណូលពីទេសចរអន្តរជាតិ ប្រមាណ ៥៧ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងជិតពីរដង នៃចំណូលវិស័យទេសចរណ៍របស់ទីក្រុងម៉ាកាវដែលមានតែ ៣៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯ ប្រទេសជប៉ុនវិញ មានចំណូល ៣៤ពាន់លានដុល្លារ ហុងកុង មាន ៣៣ពាន់លានដុល្លារ ចិន មាន ៣៣ពាន់លានដុល្លារអាមេរិក។
ដោយឡែក បើគិតក្នុងក្របខណ្ឌពិភពលោកវិញ ប្រទេសដែលរកចំណូលពីវិស័យទេសចរណ៍បានច្រើនលើសប្រទេសថៃវិញ មានតែ ៣ប្រទេសប៉ុណ្ណោះ គឺប្រទេសបារាំងមានចំណូល ៦១ពាន់លាន អេស្ប៉ាញ មាន ៦៨ពាន់លាន និងសហរដ្ឋអាមេរិក មាន ២១១ពាន់លានដុល្លារអាមេរិក។
នៅឆ្នាំក្រោយនេះដែរ អ្នកដំណើរបរទេស ដែលចូលទៅកាន់ប្រទេសថៃ ត្រូវបានគេរំពឹងថា អាចនឹងកើនដល់ ៤០លាននាក់ ពោលគឺមានចំនួនប្រមាណ ជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុបរបស់ថៃទៅហើយ។
ជាមួយគ្នានេះដែរ បើនិយាយពីទីក្រុង ដែលទទួលបានទេសចរមកទស្សនាកម្សាន្ដច្រើនជាងគេបំផុត នៅលើពិភពលោកវិញ កាលពីឆ្នាំ២០១៧ ទីក្រុងបាងកករបស់ថៃ ក៏ជាប់នៅលំដាប់លេខរៀងទី២ ផងដែរ បន្ទាប់ពីទីក្រុងហុងកុងរបស់ចិន ពោលគឺគ្រាន់តែទីក្រុងបាងកកមួយប៉ុណ្ណោះ ថៃទទួលបានទេសចរប្រមាណ ជាង ២១លាននាក់។
តាមរបាយការណ៍បានឲ្យដឹងទៀតថា ភ្ញៀវទេសចរ ដែលមកដល់រាជធានីនៃប្រទេសថៃ ជាទូទៅចំណាយជាមធ្យម ១៧៣ដុល្លារអាមេរិកក្នុង១ថ្ងៃ ហើយឆ្នាំនេះ ការចំណាយអាចនឹងកើនឡើង ១៤% បន្ថែមទៀត។ បើធៀបនឹងប្រទេសចំណាយថ្លៃៗក្នុងការដើរកម្សាន្ដ ដូចជា ឌូប៉ៃ វិញ ឃើញថា មួយថ្ងៃ ភ្ញៀវទេសចរត្រូវចាយ ជាង៥០០ដុល្លារអាមេរិក ខណៈសាំងហ្គាពួរចំណាយជិត ៣០០ដុល្លារអាមេរិក៕