រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពិឆៃ ណារីបថាផាន់ (Pichai Naripthaphan) កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បានប្រកាសបិទបញ្ចប់ការចរចាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (Thailand-EFTA) ក្រោយការចរចាអស់រយៈពេល២ឆ្នាំ។
លោក ពិឆៃ ណារីបថាផាន់ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះគឺជាជោគជ័យដ៏ធំសម្បើមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពាណិជ្ជកម្មរបស់ប្រទេសថៃ ព្រោះនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដំបូងបំផុតរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងប្លុកអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មថៃ បានថ្លែងថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន៤ប្រទេសដូចជាប្រទេសស្វីស ប្រទេសន័រវែស ប្រទេសអ៊ីស្លង់ (Iceland) និងប្រទេសលិចតិនស្តាញ (Liechtenstein) ផងដែរនេះ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុប កាន់តែច្រើនមកកាន់ប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពិឆៃ ណារីបថាផាន់ បានសង្កត់ធ្ងន់ថា ការចរចាដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ នេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យក្នុងរយៈពេលពីរឆ្នាំតាមពេលវេលាដែលបានគ្រោងទុក។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នេះគ្របដណ្តប់លើវិស័យចំនួន១៥រួមមានពាណិជ្ជកម្មទំនិញ ច្បាប់ប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) ផងដែរ៕
ដោយ: តែម សុខុម