រដ្ឋាភិបាលក្រុងបាងកកបារម្ភថា នឹងអាចមានករណីឆ្លងកើនឡើង តាមរយៈលំហូរទេសចរមកពីប្រទេសចិន ខណៈថៃរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរចិនរហូតដល់ ៣០ម៉ឺននាក់ ត្រឹមរយៈពេល៣ខែនៃឆ្នាំ២០២៣នេះ ជាពិសេសរដូវកាលបុណ្យចូលឆ្នាំចិនខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ប្រទេសថៃ បានចេញសេចក្តីណែនាំឡើងវិញ នូវការត្រួតពិនិត្យឯកសារ ចំពោះភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី៣១ខែមករាដោយត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់២ដូស ឬលិខិតបង្ហាញពីការជាសះស្បើយពីជំងឺកូវីដ១៩ គិតចាប់តាំងពីខែកក្កដាឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ។
ជាមួយគ្នានេះ ចំពោះភ្ញៀវទេសចរដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ គឺត្រូវការរបាយការណ៍ដែលបញ្ជាក់ពីមូលហេតុសុខភាពណាមួយ ទើបធ្វើឱ្យគេមិនអាចទទួលយកចាក់វ៉ាក់សាំងបង្ការបាន។
គួរកត់សម្គាល់ថា វិធានការខាងលើត្រូវបានរដ្ឋាភិបាលក្រុងបាងកកដាក់ចេញនៅក្រោយពេលដែលទីក្រុងប៉េកាំងបានដកចោលគោលនយោបាយសូន្យកូវីដ និងបានបើកប្រទេសនិងជើងហោះហើរធំទូលាយឡើងវិញ។ ប្រទេសជាច្រើនដោយរួមទាំងប្រទេសថៃផងដែរ សុទ្ធតែរំពឹងលំហូរចូលនូវភ្ញៀវទេសចរចិន តែទន្ទឹមនឹងនេះ ក៏មានការបារម្ភពីការនាំយកជំងឺកូវីដ១៩ ចូលក្នុងប្រទេសផងដែរ។
ក្រៅពីវិធានការរបស់រដ្ឋ ក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រូវត្រួតពិនិត្យមើលឯកសាររបស់អ្នកដំណើរដែលចូលមកក្នុងប្រទេសថៃ ក្រោមការរឹតបន្តឹងឡើងវិញហើយអ្នកដែលសង្ស័យថាថាមានផ្ទុកជំងឺនេះ គឺត្រូវធ្វើតេស្តរហ័ស។ តែយ៉ាងណា អ្នកកាន់លិខិតឆ្លងដែនថៃ និងអ្នកដំណើរដែលចូលមកប្តូរជើងយន្តហោះត្រឹមប្រទេស រួចបន្តទៅគោលដៅប្រទេសផ្សេង គឺត្រូវបានលើកលែងពីវិធានការនេះ។
សូមជម្រាបថា ប្រទេសថៃបានដាក់គោលដៅស្រូបទាះភ្ញៀវទេសចរចិនប្រមាណ ៣០ម៉ឺននាក់ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ បន្ទាប់ពីខ្លួនបានសម្រេចគោលដៅស្រូបទេសចរបរទេសសរុបជាង១០លាននាក់កាលពីឆ្នាំ២០២២ ហើយថៃក៏រំពឹងដែរថា នឹងនាំយកទេសចរបរទេសសរុបប្រមាណ២០លាននាក់ ចូលមកកំសាន្តក្នុងប្រទេសខ្លួន នាឆ្នាំ២០២៣៕