បើតាមការអះអាងរបស់ក្រុមអ្នកជំនួញ ការកើនឡើងថ្លៃដើមខ្ពស់លើការនាំចេញទំនិញរបស់កម្ពុជា មួយផ្នែកត្រូវបានជំរុញដោយសារប្រទេសថៃ រឹតដ្បិតមិនឱ្យកម្ពុជា ដែលមានកិច្ចព្រមព្រៀងជាមួយគ្នា ដឹកទំនិញឆ្លងកាត់ទៅកាន់ប្រទេសទី៣ ដែលបង្ខំឱ្យកម្ពុជា ត្រូវប្រើផ្លូវដឹកជញ្ជូនផ្សេង ដែលត្រូវចំណាយពេលវេលាយូរ និងថ្លៃដើមខ្ពស់។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស ខេមបូឌា បានគូសបញ្ជាក់ថា ស្របពេលកសិផលកម្ពុជា ដូចជាផ្លែមៀនស្រស់ ស្វាយស្រស់ និងចេកស្រស់ជាដើមទទួលបានការបញ្ជាទិញច្រើនពីទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារចិន ការចំណាយខ្ពស់លើការដឹកជញ្ជូននៅតែជាបញ្ហាប្រឈមសម្រាប់ការនាំចេញរបស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើថៃ បើកឱ្យកម្ពុជា អាចដឹកជញ្ជូនកសិផលស្រស់ឆ្លងកាត់ទៅកាន់ប្រទេសទី៣ វានឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនប្រមាណ៥០០ដុល្លារក្នុងមួយទូកុងតឺន័រ និងចំណេញពេលវេលាបានច្រើន។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កម្ពុជាហាក់មានភាពលំបាកក្នុងការនាំចេញទំនិញឆ្លងកាត់ប្រទេសថៃ បើទោះបីជាកម្ពុជា និងថៃ មានកិច្ចព្រមព្រៀងជាមួយគ្នាយ៉ាងណាក្តី។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា ខេត្តទាំង៦របស់កម្ពុជា ដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃ គឺសុទ្ធសឹងជាខេត្តដែលមានសក្កានុពលខ្ពស់ក្នុងការផលិតកសិផល និងឈើហូបផ្លែ។ តែយ៉ាងណា អ្នករកស៊ីក្នុងវិស័យនេះភាគច្រើនបានត្អូញត្អែរពីបញ្ហាលំបាកក្នុងការដឹកជញ្ជូនកសិផលទាំងឆ្លងកាត់ប្រទេសថៃ។ បើតាមឧកញ៉ា តែ តាំងប៉ ពាក់ព័ន្ធបញ្ហាប្រទេសថៃ មិនអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញឆ្លងកាត់នេះ ក្រសួងស្ថានប័នពាក់ព័ន្ធកំពុងស្វែងរកដំណោះស្រាយជាមួយភាគីថៃ ដែលអាចនឹងចេញលទ្ធផលក្នុងពេលដ៏ខ្លីខាងមុខ។
តាមការបញ្ជាក់របស់លោកឧកញ៉ា តែ តាំងប៉ កន្លងមកការដឹកជញ្ជូនកសិផលរបស់កម្ពុជា ត្រូវធ្វើឡើងតាមប្រទេសវៀតណាម ដើម្បីនាំចេញទៅកាន់ប្រទេសគោលដៅ ប៉ុន្តែសម្រាប់ការនាំចេញកសិផលពីបណ្តាខេត្តជាប់ព្រំប្រទល់ថៃ តាមច្រកប្រទេសវៀតណាមនេះ តម្រូវឱ្យកម្ពុជា ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ និងពេលវេលាយូរ ដែលធ្វើឱ្យការនាំចេះកសិផលរបស់កម្ពុជា បាត់បង់ភាពប្រកួតប្រជែង៕