រថភ្លើងលើអាកាសខ្សែពណ៌បៃតងនេះ គឺជាខ្សែមួយ ក្នុងចំណោមខ្សែរថភ្លើងលើអាកាសចំនួន២ នៃ ប្រព័ន្ធដឹកជញ្ជូនផ្លូវរថភ្លើងលើអាកាសក្រុងបាងកក ដែលត្រូវបានប្រតិបត្តិការដោយ ក្រុមហ៊ុន BTSC។
ខ្សែពណ៌បៃតងនេះ ត្រូវបានគេស្គាល់ឈ្មោះថា ខ្សែ Sukhumvit មានប្រវែង ២២,២៥ គីឡូម៉ែត្រ ពង្រីកចេញពីស្ថានីយស្យ៉ាម ទៅកាន់ទិសភាគខាងជើងនៃក្រុងបាងកក។
លោក អភិបាលរងក្រុងបាងកក លោក Sakoltee Phattiyakul រួមជាមួយតំណាងមកពីអាជ្ញាធរដឹកជញ្ជូនលឿនរហ័សនៃប្រទេសថៃ (MRTA) ក្រុមហ៊ុន ប្រព័ន្ធដឹកជញ្ជូនថៃ BTSC និងក្រុមហ៊ុន Krungthep Thanakom (KT) បានប្រកាសប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសថៃកាលពីថ្ងៃទី ១៣ វិច្ឆិកានេះថា នឹងបើកដំណើរការសាកល្បងរថភ្លើងលើអាកាសខ្សែបៃតងនេះ ចេញពីស្ថានីយ Mo Chit ទៅ Khu Khot។
គម្រោងផ្លូវរថភ្លើងលើអាកាស ដែលមានការចូលរួមវិនិយោគសាងសង់ឡើង ដោយអង្គភាពទាំងបី៣ ខាងលើនេះ នឹងបើកប្រតិបត្តិការស្ថានីយថ្មីចំនួន៤ គឺ គ្របដណ្ដប់លើស្ថានីយ សាលា Satri Woranat, ផ្សារ Ratchayothin ស្ថានីយ Sena Nikhom និងស្ថានីយសាកលវិទ្យាល័យ Kasetsart ដោយស្ថានីយទាំង៤នេះ នឹងបើកដំណើរការចាប់ពីខែក្រោយតទៅ។
តាមរយៈកាសែត The Nation របស់ថៃ អភិបាលរងក្រុងបាងកក លោក Sakoltee បាននិយាយថា «យើងបានប្រតិបត្តិការការធ្វើដំណើរសាកល្បងនេះ ដើម្បីបង្ហាញទៅអ្នកសារព័ត៌មាន និងសាធារណជនថា រថភ្លើងគឺដំណើរការយ៉ាងរលូន គ្មានបញ្ហាអ្វីទេ ហើយផ្នែកនេះ នឹងរួចរាល់ដើម្បីបើកដំណើរការនៅដើមខែធ្នូ តាមកាលកំណត់»។
លោក Sokoltee គូសបញ្ជាក់ទៀតថា «យើងសង្ឃឹមថា ការបើកស្ថានីយថ្មីចំនួន៤នេះ នឹងជួយធ្វើឲ្យស្ថានភាពចរាចរណ៍ មានភាពប្រសើរឡើង អំឡុងម៉ោងដែលមានចរាចរណ៍មមាញឹកខ្លាំង ហើយនៅពេលខាងមុខ ស្ថានីយថ្មីនេះ អាចនឹងមានរថភ្លើងដឹកជញ្ជូនទៅមក ចន្លោះពី ៤ នាទីម្ដង ដែលវាគ្រាន់បើជាងបច្ចុប្បន្ននេះ មានចន្លោះពី៦ ទៅ៨នាទីម្ដង»។