អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៤ តទៅ ថៃនឹងកាត់បន្ថយការនាំចូលកាកសំណល់ប្លាស្ទិក ឲ្យបាន៥០% នៃសមត្ថភាពផលិតរបស់ថៃបច្ចុប្បន្ន។ ហើយចាប់ពីដំណាច់ឆ្នាំ២០២៥ទៅ គឺថៃនឹងឈប់នាំចូលទាំងស្រុងតែម្តង។ ការណ៍នេះត្រូវរដ្ឋាភិបាលថៃពន្យល់ថា គឺដើម្បី ប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន បង្កឡើងដោយកាកសំណល់ប្លាស្ទិករាប់លានតោនទាំងនេះ។
ទោះបីជាការសម្រេចរបស់រដ្ឋាភិបាលថៃ ឈប់នាំចូលកាកសំណក់ប្លាស្ទិកនេះ បាននិងកំពុងបង្ហាញពីជំហានមួយដ៏ល្អក៏ពិតមែន តែអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសថៃ បានសម្តែងការខកចិត្តទៅវិញ។ ខកចិត្តពីព្រោះតែគេគិតថាវិធានការដែលបានដាក់ចេញខាងលើនេះ នៅមានភាពទន់ខ្សោយ មិនច្បាស់លាស់ និងគ្របដណ្ដប់តែទៅលើមួយផ្នែកតូចនៃប្លាស្ទិកប៉ុណ្ណោះ មិនមែនរាល់ប្លាស្ទិកគ្រប់ប្រភេទឡើយ។
គួររំឭកថា កាលពីប៉ុន្មានឆ្នាំមុន ថៃ និងប្រទេសមួយចំនួននៅក្នុងតំបន់បានចាប់ផ្តើមប្រែក្លាយជាអ្នកកែច្នៃសំណល់ប្លាស្ទិកដ៏ធំមួយ ដោយសារតែក្នុងឆ្នាំ ២០១៨ ចិនបានសម្រេចលែងនាំចូលប្លាស្ទិកមួយផ្នែកធំ ដើម្បីយកមកកែច្នៃតទៀត។ ដោយសារតែទំហំនៃសំណល់ច្រើនពេក ធ្វើឱ្យប្រទេសក្នុងតំបន់ទាំងនេះ រួមមាន ថៃ ជាដើម មិនអាចកែច្នៃទាន់ពេលវេលា ទើបកាកសំណល់មួយភាគត្រូវបានគេយកទៅកប់ ទម្លាក់ចោលតាមទីលានចាក់សំរាម ដែលបានបង្កផលប៉ះពាល់ដល់មនុស្សនិងធម្មជាតិ។
សូមបញ្ជាក់ថា ថៃគឺជាប្រទេសដែលនាំចូលកាកសំណល់ប្លាស្ទិក ដ៏ច្រើនជាងគេមួយ ក្នុងចំណោមប្រទេសមួយចំនួនមានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងតួកគីជាដើម។ ជាក់ស្តែង ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២ ថៃបាននាំចូលកាកសំណល់ប្លាស្ទិកចំនួនសរុប ជាង ១៦ម៉ឺនតោន ក្នុងនោះមានប្រមាណពាក់កណ្តាលដឹកមកពីប្រទេសជប៉ុន និង និង សហរដ្ឋអាមេរិក៕