ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ១៩,៤៨ លាននាក់ ដែលប្រទេសថៃ ទទួលបានក្នុងរយៈពេល ៦ខែឆ្នាំនេះ ឃើញថា ក្នុងនោះ ទេសចរជនជាតិចិន មានប្រមាណ ៦លាននាក់ បន្ទាប់មក គឺម៉ាឡេស៊ីមានជិត ២លាននាក់ និងកូរ៉េ មានប្រមាណជាង ៨៨ម៉ឺននាក់ ព្រមជាមួយនឹងទេសចរ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត នៅទូទាំងពិភពលោក។
បើតាមកាសែតបាងកកប៉ុស្ដិ៍ នៅឆ្នាំនេះ ប្រទេសថៃ រំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសសរុប ប្រមាណ ៣៧លាននាក់ ដែលជាចំនួនមួយខ្ពស់ជាងកាលពីឆ្នាំ ២០១៧ ចំនួន ២លាននាក់។ កាលពីឆ្នាំ២០១៧ នេះដែរ ទេសចរជនជាតិចិន ដែលបានមកកម្សាន្ដនៅប្រទេសថៃ មានរហូតដល់ ៩,៨ លាននាក់។
តំបន់ទិសដៅទេសចរណ៍ ដែលជនជាតិចិន ចូលចិត្តធ្វើដំណើរកម្សាន្ដទៅប្រទេសថៃ ខ្លាំងជាងគេ គឺកោះភូកេត ទីក្រុងបាងកក និងឈាងម៉ៃ។
វិស័យទេសចរណ៍របស់ថៃ ត្រូវបានដឹងថា បានចូលរួមចំណែកក្នុងរង្វង់ ១០% នៃកំណើនផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសនេះ។
គួរជម្រាបដែរថា ដើម្បីបង្កើនសមត្ថភាពក្នុងការទទួលបានភ្ញៀវទេសចរឲ្យបានកាន់តែច្រើនឡើង ប្រទេសថៃ ក៏បាននិងកំពុងស្ថាបនាសាងសង់បន្ថែម នូវសមត្ថភាពព្រលានយន្ដហោះធំៗ របស់ខ្លួនជាច្រើនកន្លែងផងដែរ ដោយប្រើប្រាស់ថវិកាប្រមាណ ២២០ ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង ៦,៥ ពាន់លានដុល្លារអាមេរិក។
បើតាមក្រុមហ៊ុនព្រលានយន្ដហោះថៃ Airports of Thailand Plc បានឲ្យកាសែតបាងកកប៉ុស្ដិ៍ដឹងថា នៅឆ្នាំក្រោយនេះ គេរំពឹងថា ចំណូលពីព្រលានយន្ដហោះអន្តរជាតិ ទាំ៦ កន្លែង របស់ថៃ នឹងហក់កើនឡើងខ្ពស់ជាងមុន បន្ទាប់ពីគម្រោងស្ថាបនាសាងសង់សមត្ថភាពព្រលានយន្ដហោះបន្ថែមទាំងនោះ ត្រូវបានធ្វើឡើងរួចរាល់នៅឆ្នាំក្រោយ៕