ធនាគារធំៗទាំង៥របស់ប្រទេសថៃ រួមមាន ធនាគារ Bangkok Bank (BBL) ធនាគារ Krung Thai Bank (KTB) ធនាគារ Siam Commercial Bank (SCB) ធនាគារ Kasikorn Bank (KBANK) និងធនាគារ Bank of Ayudhya (BAY) បានត្រៀមសាច់ប្រាក់បម្រុងរហូតដល់ទៅប្រមាណ៤,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីត្រៀមឆ្លើយតបនឹងកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំសកលរយៈពេល៥ថ្ងៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ដ៏ខ្លីខាងមុខននេះ។
ទោះជាយ៉ាងណា ការត្រៀមសាច់ប្រាក់បម្រុងសម្រាប់រដូវកាលឆ្លងឆ្នាំសកលឆ្នាំនេះ គឺមានចំនួនតិចជាងឆ្នាំ២០២៣ ដែលធនាគារកំពូលទាំង៥ខាងលើនេះ បានត្រៀមរហូតដល់៥ពាន់លានដុល្លារអាម៉េរិក។
ទន្ទឹមនេះ ធនាគារកណ្ដាលថៃ ក៏នឹងត្រៀមទុកសាច់ប្រាក់បម្រុងចំនួនជាង២,៣ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតផងដែរ ដើម្បីបំពេញតម្រូវការសាច់ប្រាក់ ដែលត្រូវបានព្យាករថា នឹងកើនឡើងខ្លាំងនៅក្នុងអំឡុងរដូវកាលបុណ្យឆ្លងឆ្នាំសកលនេះ។
សូមបញ្ជាក់ថា ទន្ទឹមនឹងធនាគារនានាត្រៀមសាច់ប្រាក់ដើម្បីបំពេញតម្រូវការដកសាច់ប្រាក់ បច្ចុប្បន្នពលរដ្ឋកាន់តែច្រើនមាននិន្នាការងាកទៅរកការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការស្គែន QR Code ជាដើម ខណៈដែលធនាគារកណ្ដលថៃ កំពុងលើកទឹកចិត្តប្រជាជនឱ្យប្រើជម្រើសទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានសុវត្ថិភាព និងងាយស្រួលក្នុងអំឡុងរដូវកាលបុណ្យចូលឆ្នាំសកលនេះ៕
ដោយ: តែម សុខុម