
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រធានក្រៅផ្លូវការនៃគណបក្សភឿថៃ កំពុងកាន់អំណាចបានទម្លាយឱ្យដឹងថា ប្រទេសថៃ មានគោលដៅបញ្ចុះថ្លៃអគ្គិសនីឱ្យបានលើសពី២៥% នៅត្រឹមឆ្នាំក្រោយ ដើម្បីប្រែក្លាយប្រទេសក្បែរខាងកម្ពុជា មូយនេះ ទៅជាមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ថ្នាក់តំបន់។
លោក ថាក់ស៊ីន បានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយនៅទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុនថា រដ្ឋាភិបាលថៃ ដែលដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា គ្រោងនឹងបញ្ចុះអត្រាពន្ធអគ្គិសនីពីប្រមាណ១១សេនដុល្លារអាម៉េរិក នាពេលបច្ចុប្បន្នឱ្យមកនៅត្រឹមប្រមាណ៨សេនដុល្លារអាម៉េរិក។
ទោះជាយ៉ាងណា លោក ថាក់ស៊ីន មិនបានបញ្ជាក់លម្អិតពីដំណើរការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាពន្ធអគ្គិសនី ដែលបច្ចុប្បន្នទទួលបានការឧបត្ថម្ភធនពីបណ្ដាក្រុមហ៊ុនអគ្គិសនីរដ្ឋនោះឡើយ។
សូមបញ្ជាក់ថា ប្រទេសថៃ ទទួលបានការប្តេជ្ញាចិត្តបោះទុនវិនិយោគច្រើនពាន់លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមានទាំងក្រុមហ៊ុនអាម៉េរិក Amazon ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet ក្រុមហ៊ុន TikTok ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនចិន Alibaba Group ផងដែរសម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យធំៗ និងសេវាកម្ម Cloud។
លោក ថាក់ស៊ីន បានគូសបញ្ជាក់ថា ដើម្បីអាចប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ AI ថ្នាក់តំបន់បាន គឺអាស្រ័យលើសមត្ថភាពរបស់ប្រទេសថៃ ក្នុងការផ្តល់ថាមពលស្អាត និងមានតម្លៃថោក។
លោក ថាក់ស៊ីន ដែលគ្មានតំណែងផ្លូវការណាមួយនៅក្នុងជួររដ្ឋបាលរបស់កូនស្រីលោកបានលើកឡើងថា សមត្ថភាពរបស់ប្រទេសថៃ ក្នុងការបញ្ចុះថ្លៃអគ្គិសនីហាក់នៅមានកម្រិតដោយសារប្រទេសថៃ ពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល និងឧស្ម័នធម្មជាតិសម្រាប់ផលិតថាមពលអគ្គិសនី៕
ដោយ: តែម សុខុម