ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ វីង កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ថា ការផ្ដល់ឥណទានដល់អ្នករកស៊ីក្នុងវិស័យកសិកម្ម គឺជាផ្នែកមួយជួយរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ក្រៅពីភាពជាដៃគូជាស្ថាប័នហិរញ្ញវត្ថុនេះ ថ្នាក់ដឹកនាំរូបនេះសង្ឃឹមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងៗ នឹងពិចារណាផ្ដល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ដើម្បីរួមចំណែកជួយជ្រោមជ្រែងដល់កសិករ និងសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា បច្ចុប្បន្នការវិនិយោគលើវិស័យកសិកម្មកំពុងមានតម្រូវថវិកាច្រើនសម្រាប់ប្រើជាទុនបង្វិលទិញកសិផល និងការវិនិយោគលើការដាំដុះដំណាំផ្សេងៗ។
ក្រោយផ្តល់ហិរញ្ញប្បទាន៥លានដុល្លារ ដើម្បីជួយគាំទ្រដល់វិស័យកសិកម្ម អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចាត់ទុកការផ្ដល់ឥណទានក្នុងអត្រាការប្រាក់ដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម គឺជាផ្នែកមួយក្នុងការជួយពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់កសិករ និងអ្នករកស៊ីក្នុងវិស័យកសិកម្មលើការបង្កើតអាជីវកម្ម និងពង្រីកផលិតកម្មឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាជួយគាំទ្រដល់គោលនយោបាយអាទិភាពកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារទាំង៧៤ កាលពីឆ្នាំ២០២២ សម្រេចបានជាង៨លាន៦សែនតោន គិតជាប្រាក់ជិត៥ពាន់លានដុល្លារ មានការកើនឡើង៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានជិត៨លានតោន។ កំណើននៃការនាំចេញនេះបានជួយឱ្យវិស័យកសិកម្មអាចរួមចំណែក២២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០២២៕
អត្ថបទ៖ បូ ដូឡា