ឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជា និងសិង្ហបុរីនឹងពិនិត្យលទ្ធភាពសិក្សាគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបរត់ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មថាមពលកកើតឡើងវិញរវាងប្រទេសទាំងពីរ និងក្នុងតំបន់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែតុលា ក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានកិច្ចព្រមព្រៀងលើអនុសារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថាមពល ក្នុងគោលបំណងពង្រឹង និងពង្រីកវិស័យថាមពលរវាងប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន។
ការចុះហត្ថលេខាដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ ធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម តាន់ស៊ី ឡេង រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។ ថ្លែងក្នុងឱកាសចុះហត្ថលេខាឯកឧត្តម ស៊ុយ សែម បានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាជំហានបន្តដ៏សំខាន់ដើម្បីភាពរីកចម្រើន នៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសចូលរួមចំណែកជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់អាស៊ាន។
បើក្រឡេកទៅមើលការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសិង្ហបុរីនៅក្នុងរយៈពេល៩ខែឆ្នាំ២០២២ មានទំហំជាង៣ពាន់លានដុល្លារ មានការធ្លាក់ចុះជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត៤ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅសិង្ហបុរីមានទំហំជាង៧៧លានដុល្លារធ្លាក់ចុះជាង២៧% ខណៈកម្ពុជានាំចូលទំនិញពីសិង្ហបុរីមានទំហំជាង២ពាន់៩រយលានដុល្លារ ធ្លាក់ចុះជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕