ការធ្លាក់ចុះនេះ វាស្របពេលដែលការនាំចេញរបស់កម្ពុជានៅត្រីមាសទី១ ក៏មានការធ្លាក់ចុះដូចគ្នានេះដែរ។ ទោះយ៉ាងណា អ្នកជំនាញវាយតម្លៃថា វិស័យដឹកជញ្ជូនកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំខាងមុខនេះ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា វិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តម្លៃដឹកជញ្ជូនឡើងថ្លៃ និងការកកស្ទះទូរកុងតឺន័រនៅតាមប្រទេសបញ្ជាទិញលែងចោទជាបញ្ហាសម្រាប់វិស័យដឹកជញ្ជូនរបស់កម្ពុជាទៀតហើយ។ ប៉ុន្តែអ្វីដែលនៅតែគំរាមកំហែងដល់វិស័យដឹកជញ្ជូនរបស់កម្ពុជា និងប្រទេសលើពិភពលោកនោះ គឺវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយពេលជាង១ឆ្នាំកន្លងមកនេះពុំទាន់អាចរកច្រកចេញបាន។ បញ្ហាសង្គ្រាមដ៏អូសបន្លាយនេះ បានធ្វើឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាបន្តធ្លាក់ចុះចន្លោះពី ២០% ទៅ៣០% នៅត្រីមាសទី១ឆ្នាំនេះ ដោយសារវិបត្តិនេះបានធ្វើឲ្យអំណាចនៃការទិញរបស់ប្រជាពលរដ្ឋនៅលើសកលលោកមានការធ្លាក់ចុះ បន្ទាប់ពីប្រទេសរបស់ពួកគេប្រឈមនឹងការកើនឡើងអតិផរណា ដែលជំរុញដោយការកើនឡើងតម្លៃថាមពល និងប្រេងឥន្ធនៈ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។ នេះបើតាមការវាយតម្លៃរបស់លោកឧកញ៉ា ស៊ិន ចន្ធី ដែលបានគូសបញ្ជាក់បន្ថែមថា បញ្ហានេះមិនមែនកើតឡើងសម្រាប់តែកម្ពុជានោះទេពោលគឺវាបានកើតឡើងស្ទើរទូទាំងពិភពលោក។
យ៉ាងណាមិញលោកឧកញ៉ា ស៊ិន ចន្ធី ជឿជាក់ថា ស្ថានភាពវិស័យដឹកជញ្ជូនរបស់កម្ពុជានឹងមានភាពប្រែប្រួលនាពេលខាងមុខ ពោលគឺអាចវិលមករកភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំខាងមុខនេះ។ ការវាយតម្លៃបែបនេះធ្វើឡើងក្រោយលោកឧកញ៉ា ស៊ិន ចន្ធីមើលឃើញថា បញ្ហានេះគឺជាបញ្ហាសកល ដូច្នេះប្រទេសនីមួយៗនឹងខិតខំប្រឹងប្រែងរិះរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដ៏លំបាកមួយនេះ។
គួរកត់សម្គាល់ផងដែរថា ការធ្លាក់ចុះវិស័យដឹកជញ្ជូនរបស់កម្ពុជា វាស្របពេលដែលការនាំចេញទំនិញរបស់កម្ពុជាក៏មានការធ្លាក់ចុះដូចគ្នាដែរ។ ជាក់ស្តែង បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញទំនិញរបស់កម្ពុជាបានធ្លាក់ចុះជិត៦%នៅត្រីមាសទី១ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញវាយតម្លៃថា អាចបណ្តាលមកពីការធ្លាក់ចុះតម្រូវការក្នុងប្រទេសបញ្ជាទិញ បន្ទាប់ពីពួកគេប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចលើសការរំពឹងទុក ដែលបណ្តាលពីការកើនឡើងអតិផរណា និងការកើនឡើងតម្លៃថាមពល និងប្រេងឥន្ធនៈ៕