ទីផ្សាររថយន្ត

ទីផ្សាររថយន្តអគ្គិសនីនៅចិន មានការប្រកួតប្រជែងគ្នាកាន់តែស្វិតស្វាញ ដោយក្រុមហ៊ុននានាប្រណាំងគ្នាធ្វើប្រូម៉ូសិនយ៉ាងគគ្រឹកគគ្រេង ដើម្បីដណ្ដើមអតិថិជន


ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិនពេលនេះ កំពុងមានការប្រកួតប្រជែងគ្នាកាន់តែស្វិតស្វាញ ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានាប្រណាំងគ្នាធ្វើប្រូម៉ូសិនយ៉ាងគគ្រឹកគគ្រេង ដើម្បីដណ្ដើមអតិថិជន។ ប្រូម៉ូសិនទាំងនោះរួមមានការផ្ដល់សេវាបង់រំលស់រថយន្តដោយមិនតម្រូវឱ្យអ្នកទិញកក់ប្រាក់មុន និងការផ្ដល់កម្ចីទិញរថយន្តគ្មានការប្រាក់រហូតដល់ទៅ៥ឆ្នាំជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ទីផ្សាររថយន្ត
ដោយ

បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនបានសាទរឆ្នាំថ្មីជាមួយនឹងការធ្វើប្រូម៉ូសិនផ្ដល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនជាអ្នកប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗបានរាយការណ៍ពីការធ្លាក់ចុះនៃការចែកចាយរថយន្តនៅដើមឆ្នាំ២០២៥ នេះ។

លោកស្រី លីស លី (Liz Lee) នាយកក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានលើកឡើងថា ការធ្លាក់ចុះតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោកបានបង្កការព្រួយបារម្ភថា ក្រុមហ៊ុនផលិតរថយន្តទាំងនោះនឹងកាន់តែពិបាកបញ្ចេញស្តុករថយន្តរបស់ខ្លួន។ ដោយសារតែបែបនេះ ទើបក្រុមហ៊ុនទាំងនោះបានប្រណាំងគ្នាធ្វើការប្រូម៉ូសិនយ៉ាងសម្បើម ដើម្បីទាក់ទាញអ្នកទិញ ហើយអ្នកជំនាញរូបនេះមិនដឹងថា ប្រូម៉ូសិនទាំងនោះនឹងបន្តយូរប៉ុនណាឡើយ។

បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន២០២៥ កន្លងទៅថ្មីៗនេះចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ហើយកាលពីអំឡុងខែមករា រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសផ្តល់ឧបត្ថម្ភធនរហូតដល់ទៅជាង១១ពាន់លានដុល្លារអាម៉េរិក សម្រាប់ជួយគាំទ្រដល់វិស័យរថយន្តអគ្គិសនី ទូរសព្ទស្មាតហ្វូន និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។

ស្របពេលតម្រូវការធ្លាក់ចុះ បណ្ដាក្រុមហ៊ុនរថយន្តអគ្គិសនីចិន កំពុងចាប់ផ្តើមធ្វើប្រូម៉ូសិនយ៉ាងសម្បើមដើម្បីទាក់ទាញអ្នកទិញ ក្នុងនោះក្រុមហ៊ុនស៊ីភឹង (Xpeng) បានលុបចោលការតម្រូវឱ្យអ្នកទិញកក់ប្រាក់សម្រាប់រថយន្ត៤ម៉ូដែល ខណៈដែលក្រុមហ៊ុននីអូ (Nio) និងក្រុមហ៊ុន លី អូតូ (Li Auto) បានបន្ថែមជម្រើសផ្ដល់ជូនប្រាក់កម្ចីទិញរថយន្តដោយគ្មានការប្រាក់ទៀតផង។

នៅពេលនេះសូម្បីតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដ៏ល្បីល្បាញរបស់កំពូលមហាសេដ្ឋី Eon Musk ក៏បានផ្ដល់ជូនហ្វ្រីនូវសេវាធានារ៉ាប់រងតម្លៃ១,១០០ដុល្លារអាម៉េរិក និងការផ្ដល់កម្ចីទិញរថយន្តដោយគ្មានការប្រាក់សម្រាប់រយៈពេល៥ឆ្នាំផងដែរសម្រាប់ស៊េរី Model 3 របស់ខ្លួន។

ក្រុមអ្នកវិភាគមើលឃើញថា ប្រូម៉ូសិនទាំងនេះជាវិធីមួយជំនួសឱ្យការបញ្ចុះតម្លៃរថយន្តដោយផ្ទាល់ ខណៈដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសហ្វីលីពីន?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន តបតាមការអញ្ជើញរប…

លោក ដូណាល់ ត្រាំ មានមហិច្ឆតាចង់ទិញយក និងកាន់កាប់តំបន់ Gaza ដើម្បីអភិវឌ្ឍវាទៅជាតំបន់អចលនទ្រព្យដ៏ធំមួយ

ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលជាថ្មីកាលពីថ្ងៃទី៩ ខែកុម្ភៈ នៅពេលដែលលោកបានប្រកាសថា លោកប្តេជ្ញាទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ