លោក ងន សាំង ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានវាយតម្លៃថា ទីផ្សាររថយន្តជជុះនាំចូលពីបរទេសអាចនឹងឈានទៅបាត់វត្តមានស្ទើរតែទាំងស្រុងពីទីផ្សារកម្ពុជា នៅប្រមាណ២ទៅ៣ឆ្នាំខាងមុខនេះ។ ការវាយតម្លៃបែបនេះ ក៏ដោយសារទីផ្សារនាំចូលរថយន្តជជុះបានថយចុះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ពោលគឺបច្ចុប្បន្នរថយន្តមួយទឹករួមចំណែកប្រមាណ៣០% ប៉ុណ្ណោះ នៅក្នុងទីផ្សារ ក្រោយទិន្នាការប្រើប្រាស់រថយន្តថ្មី រួមទាំងរថយន្តអគ្គិសនីមានការកើនឡើងខ្លាំង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការបាត់វត្តមានរថយន្តជជុះនេះមិនមែនមានន័យថា កម្ពុជានឹងគ្មានរថយន្តមួយទឹកប្រើប្រាស់នោះទេ ប៉ុន្តែកើតចេញពីរថយន្តមួយទឹកក្នុងស្រុកវិញ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់លើការនាំចូលរថយន្តមួយទឹកក៏ពិត ប៉ុន្តែសម្ទុះនៃការប្រើប្រាស់រថយន្តថ្មី ពិសេសរថយន្តអគ្គិសនី ដោយសារភាពប្រណិត ទំនើប សន្សំសំចៃ និងមានតម្លៃប្រកួតប្រជែង នឹងអាចវាយបំបាក់រថយន្តមួយទឹកពីទីផ្សារកម្ពុជានាពេលអនាគត។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកនៅមួយរយៈចុងក្រោយនេះ បានជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងច្រើន។
ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា កត្តាចម្បងដែលជំរុញឱ្យមានការផ្លាស់ប្តូរមកប្រើប្រាស់រថយន្តថ្មី និងរថយន្តអគ្គិសនី គឺកើតចេញពីកត្តាសេដ្ឋកិច្ច ពោលគឺកាលណាចំណូលដែលអាចចំណាយបានកើនឡើង ធ្វើឱ្យពលរដ្ឋផ្លាស់ប្តូរទម្លាប់ពីការជ្រើសរើសតែលើកត្តាតម្លៃ មកផ្តោតលើកត្តាគុណភាព និងសុវត្ថិភាព។ យ៉ាងណាមិញការផ្លាស់ប្តូរនេះ នឹងជួយកាត់បន្ថយការខាតបង់លើការជួសជុល ឬដូរគ្រឿងបន្លាស់រថយន្តចាស់ៗ បង្កើនប្រសិទ្ធភាពក្នុងវិស័យឡូជីស្ទីក ព្រមទាំងឆ្លើយតបនឹងគោលនយោបាយហិរញ្ញវត្ថុបៃតងផងដែរ។ តែយ៉ាងណា លោកបណ្ឌិតសង្កត់ធ្ងន់ថា កំណើនប្រើប្រាស់រថយន្តយ៉ាងឆាប់រហ័សនៅកម្ពុជា កំពុងបង្កើតសម្ពាធលើការកកស្ទះចរាចរណ៍ ដែលទាមទារឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។
គួរជម្រាបថា បើយោងតាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ទិន្នន័យនៃការនាំចូលរថយន្តក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយកាលពី១០ឆ្នាំមុន ទីផ្សាររថយន្តថ្មីមានចំណែកត្រឹមតែប្រមាណ២០%ប៉ុណ្ណោះនៃតួលេខនាំចូលសរុប ខណៈបច្ចុប្បន្នទីផ្សាររថយន្តថ្មីបានស្ទុះឡើងរហូតដល់ជិត៧០%៕