យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីស បានបង្ហាញថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូល ប្រមាណ ៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ដែលមានការកើនឡើង ជាង១៦០លានដុល្លារ ដែលស្មើនឹងកំណើនជាង ៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ កម្ពុជាដែលធ្លាប់ទទួលបានចំណូលត្រឹមតែជាង ៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញថា វិស័យកាត់ដេរសម្លៀកបំពាក់ នៅកម្ពុជា ចាប់ផ្ដើមមានស្ថិរភាព និងមានភាពប្រសើរឡើងវិញ នារយៈពេលចុងក្រោយនេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងថា ដ្បិតថា បញ្ហាកូវីដ-១៩ ជាបញ្ហាចម្បង តែវាក៏បង្កើតឱកាសសម្រាប់កម្ពុជាដែរ។ ក្នុងន័យនេះ វិបត្តិកូវីដ-១៩ បានធ្វើឱ្យប្រទេសដទៃ មួយចំនួនផ្អាកដំណើរការផលិត ក្នុងផលិតកម្មសម្លៀកបំពាក់ ដោយសារការឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ ដូច្នេះ ទីផ្សារក៏ងាកមកបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាវិញ ទើបធ្វើឱ្យរយៈពេលចុងក្រោយនេះ វិស័យកាត់ដេរសម្លៀកបំពាក់ ហាក់កាន់តែប្រសើរឡើង។ លោក កាំង ម៉ូនីកា បានសង្កត់ធ្ងន់ទៀតថា ប្រទេសអាមេរិក ជាទីផ្សារធំ ក្នុងចំណោមបណ្ដាប្រទេសដទៃ ដែលបានបញ្ជាទិញសម្លៀកបំពាក់ របស់កម្ពុជា នារយៈពេលចុងក្រោយនេះ។
ជុំវិញស្ថានភាព ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ នៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោក កាំង ម៉ូនីកា យល់ឃើញថា ផលិតភាពផលិតកម្ម ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ចាប់ផ្ដើមមានស្ថិរភាពឡើងវិញ ជាបណ្ដើរៗ បន្ទាប់ពីបណ្ដារោងចក្រមានការគ្រប់គ្រង និងវិធានការត្រឹមត្រូវ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដ្បិតថា កន្លងមក បញ្ហាកូវីដ-១៩ និងមធ្យាបាយដឹកជញ្ជូន បានបង្ករផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើរការនៃការនាំចេញរបស់កម្ពុជា តែកម្ពុជា នៅតែអាចរក្សាការនាំចេញផលិតផលសម្លៀកបំពាក់ របស់ខ្លួនបាន។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ» ថា កន្លងមក បញ្ហាកូវីដ-១៩ និងការកង្វះទូរកុងត័រនឺ បានក្លាយជាឧបសគ្គ របស់កម្ពុជា ក្នុងដំណើរការនៃដឹកជញ្ជូនទំនិញរបស់ខ្លួន ទៅកាន់ទីផ្សារ ក៏ប៉ុន្តែ ដំណើរការផលិតកម្ម ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ របស់កម្ពុជា នៅតែអាចដំណើរការ និងអាចនាំចេញទំនិញ តាមធម្មតា។
បើទោះបី ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ មានកើនឡើងតិចតួច ក៏ពិតមែន តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា វិស័យកាត់ដេរ សម្លៀកបំពាក់ នៅកម្ពុជា នារយៈពេលចុងក្រោយនេះ ហាក់មានសន្ទុះឡើងវិញ ព្រោះមានការបញ្ជាទិញជាបន្តបន្ទាប់។ បើតាមសម្តេច តេជោ ហ៊ុន សែន ដោយសារតែប្រទេសមួយចំនួន ដូចប្រទេសប្រេស៊ីល បង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ា វៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ទើបបានធ្វើឲ្យអ្នកបញ្ជាទិញសម្រុកមកបញ្ជាទិញពីកម្ពុជាវិញ៕