វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពផុយស្រួយ ខណៈកំណើនសេដ្ឋកិច្ចជារួមនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ នេះ


សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៤% នៅឆ្នាំ២០២៥ និង២០២៦ មានការធ្លាក់ចុះ០,៣% បើធៀបនឹងឆ្នាំ២០២៤។ កត្តាដែលធ្វើឱ្យសេដ្ឋកិច្ចសកលប្រឈមនឹងមានការធ្លាក់ចុះនេះ រួមមានភាពតានតឹងផ្នែកពាណិជ្ជកម្ម បញ្ហាការដំឡើងពន្ធ ភាពមិនច្បាស់លាស់នៃគោលនយោបាយ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលបញ្ហាទាំងនេះ កំពុងធ្វើឱ្យសេដ្ឋកិច្ចសកលប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង និងស្ថិតក្នុងភាពផុយស្រួយខ្ពស់។
វិស័យសេដ្ឋកិច្ច
ដោយ

តាមរយៈរបាយការណ៍របស់ Moody's ដែលជាទីភ្នាក់ងារវាយតម្លៃឥណទានហិរញ្ញវត្ថុដ៏ល្បីល្បាញនៅលើពិភពលោក ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានព្យាករថា ផលិតផលក្នុងស្រុកសរុបជាសកលនឹងសម្រេចបានកំណើន២,៤% នៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ មានការធ្លាក់ចុះ០,៣% បើធៀបនឹងឆ្នាំ២០២៤ ដែលមានក្នុងរង្វង់២,៧%។ ស្ថាប័ននេះ អះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយសហរដ្ឋអាម៉េរិក ដែលមានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងដៃគូរបស់ខ្លួននៅ៣ឆ្នាំចុងក្រោយ កំពុងបង្ហាញសញ្ញានៃការធ្លាក់ចុះ ខណៈការកម្រិតទំហំបំណុលថ្មី និងការបិទរដ្ឋាភិបាលនៅអាម៉េរិក អាចបន្ថែមភាពចលាចលថែមទៀត។

​ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ Moody's នេះបានព្រមានថា សេដ្ឋកិច្ចពិភពលោកមើលទៅមានភាពផុយស្រួយកាន់តែខ្លាំង ដោយសារក្ដីកង្វល់សំខាន់ៗមួយចំនួនដូចជា ពន្ធគយកើនឡើងខ្ពស់ សង្គ្រាមពាណិជ្ជកម្ម ជម្លោះភូមិសាស្ត្រនយោបាយ និងការជួញដូរទីផ្សារហិរញ្ញវត្ថុរងការរង្គោះរង្គើជាដើម។

ជាមួយគ្នានេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅពិភពលោកត្រូវបានគេរំពឹងថា នឹងឃើញកំណើន GDP ធ្លាក់ចុះមកនៅត្រឹម៤,២% នៅឆ្នាំ២០២៥ និង៣,៨% ក្នុងឆ្នាំ២០២៦ ដោយសារសម្ពាធសង្រ្គាមពាណិជ្ជកម្ម និងបញ្ហាប្រឈមរចនាសម្ព័ន្ធធ្វើឱ្យចិន កាន់តែពិបាកសម្រេចបាននូវគោលដៅកំណើនប្រកបដោយមហិច្ឆតារបស់ខ្លួន។

ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចនៅសហភាពអឺរ៉ុប និងជប៉ុននឹងមានភាពប្រសើរឡើងបន្តិច ខណៈការស្ទុះងើបកំណើនសេដ្ឋកិច្ចឡើងវិញដោយសន្សឹមៗ និងមិនស្មើគ្នា បានជួយឱ្យពួកគេទទួលបានចំណែកដែលខាតបង់មួយចំនួនឡើងវិញ។ ចំណែកកំណើនផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌា នឹងរក្សាស្ថិរភាពត្រឹមតែ៦,៥% ក្នុងឆ្នាំ២០២៥ និង២០២៦ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ ដែរ។

យ៉ាងណាមិញទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ Moody's ខាងលើ បានព្រមានទៀតថា ទីផ្សារដែលកំពុងរីកចម្រើនភាគច្រើននឹងជួបការលំបាក ដោយសារការធ្វើពាណិជ្ជកម្មបានក្លាយជាក្បាលម៉ាស៊ីនមិនសូវទទួលបានទុកចិត្ត ខណៈសេដ្ឋកិច្ចទីផ្សារសំខាន់ៗមានភាពងាយរងគ្រោះដោយសារជំនួយអភិវឌ្ឍន៍របស់អាម៉េរិក (USAID) ត្រូវបានកាត់បន្ថយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុននៅអាស៊ីបន្តដឹកទំនិញទៅអាម៉េរិក កាន់តែច្រើន ខណៈលោក ត្រាំ គំរាមយកកម្រៃលើនាវាដឹកទំនិញរបស់ចិន

ក្រុមហ៊ុននាំចេញនៅតំបន់អាស៊ីមួយចំនួនបន្តដឹកជញ្ជូនទំនិញសំខាន់ៗទៅកាន់សហរដ្ឋអាម៉េរិក កាន់តែច្រើនឡើងនៅក្នុងរយៈពេលពីរខែដំបូង ឆ្នាំ២០២៥ ខណ…

សហភាពអឺរ៉ុប និងកាណាដា រួមគ្នាដាក់សម្ពាធពន្ធថ្មី ដើម្បីវាយបកនឹងវិធានការពន្ធរបស់លោក ដូណាល់ ត្រាំ

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា កាន់តែរីករាលដាលហើយ ដោយមិនបង្អង់យូរនោះទេ ប្រទេសកាណាដា និងសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ