មូលនិធិ IMF បង្កើនទស្សនវិស័យសេដ្ឋកិច្ចរបស់ឥណ្ឌាដល់៦.១%ខណៈដែលការងើបឡើងវិញរបស់ចិនហាក់មានកម្លាំងខ្សោយ

IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចឥណ្ឌា ប៉ុន្ដែមើលឃើញសន្ទុះសេដ្ឋកិច្ចចិនចុះខ្សោយ


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារទី២៥កក្កដា បានបង្កើនការព្យាករសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌានៅឆ្នាំនេះឡើងដល់ ៦,១%នៅចំពេលមានការរីកចម្រើនតិចតួច នៅក្នុងទស្សនវិស័យកំណើនពិភពលោក ប៉ុន្តែស្ថាប័នអន្តរជាតិមួយនេះ បានមើលឃើញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់មហាយក្សចិន នៅក្រោយពេលជំងឺកូវីដរបស់ប្រទេសចិនហាក់មានការចុះខ្សោយគួរឲ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
មូលនិធិ IMF បង្កើនទស្សនវិស័យសេដ្ឋកិច្ចរបស់ឥណ្ឌាដល់៦.១%ខណៈដែលការងើបឡើងវិញរបស់ចិនហាក់មានកម្លាំងខ្សោយ។
ដោយ

យោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាព ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF សម្រាប់ខែកក្កដានេះបានបង្ហាញថា ឥណ្ឌានៅតែជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់ពិភពលោកជាមួយអត្រាកំណើន៦,១%នៅឆ្នាំនេះ ដោយកើនឡើង ០,២% ពីការព្យាករនៅខែមេសា ។

មូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា ប្រទេសឥណ្ឌានឹងមានចំណែកប្រហែល១ភាគ៦ នៃកំណើនសេដ្ឋកិច្ចពិភពលោកសរុបនៅឆ្នាំនេះ ហើយរបាយការណ៍ចេញផ្សាយចុងក្រោយនេះ បានឱ្យដឹងថា ការកែប្រែទស្សនវិស័យរបស់ឥណ្ឌានេះ គឺផ្នែកមួយដោយសារតែសេដ្ឋកិច្ចប្រទេសនេះបានបន្តកំណើនល្អប្រសើរជាងការរំពឹងទុកនៅក្នុងឆ្នាំ២០២២បណ្ដាលមកពីការវិនិយោគក្នុងស្រុកដ៏រឹងមាំ។

ដោយឡែក សម្រាប់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីនោះ តាមការព្យាកររបស់ IMF នឹងក្លាយជាប្រទេសយក្សសេដ្ឋកិច្ច ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី២បន្ទាប់ពីឥណ្ឌា ក្នុងអត្រា ៥,២%នៅឆ្នាំនេះ ប៉ុន្តែការស្ទុះងើបឡើងវិញរបស់ប្រទេសចិន ពីជំងឺកូវីដ១៩កំពុងមានការចុះខ្សោយ ជាហេតុធ្វើឱ្យមូលនិធិ IMF រក្សាទុកការព្យាកររបស់ខ្លួនឱ្យនៅដដែល។

ពេលនេះមូលនិធិ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងឈានដល់៣%នៅឆ្នាំ២០២៣ ដោយកើនឡើង ០,២% ចាប់ពីខែមេសាប៉ុន្តែនៅតែទាបជាងកំណើន ៣,៥% ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២២។

ការធ្វើបច្ចុប្បន្នភាពនេះ បានធ្វើឡើងនៅពេលមួយថ្ងៃបន្ទាប់ពីការិយាល័យនយោបាយរបស់ប្រទេសចិនបានបង្ហើបពីការដាក់ចេញវិធានការមួយចំនួនដើម្បីគាំទ្រវិស័យអចលនទ្រព្យ ដែលមូលនិធិ IMF បានកំណត់ថា ជាប្រភពនៃហានិភ័យ។

ប្រធានមូលនិធិ IMF លោក ភៀ អូលីវៀ ហ្គូរីនឆេស (Pierre-Olivier Gourinchas) បាននិយាយថា នៅក្នុងប្រទេសចិន ការងើបឡើងវិញក្រោយពីការបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន បានបង្ហាញសញ្ញាចុះខ្សោយ ខណៈដែលមានការព្រួយបារម្ភជាបន្តបន្ទាប់ពីវិស័យអចលនទ្រព្យ។

ក្រៅតែពីវិបត្តិវិស័យអចលនទ្រព្យ កំណើនសេដ្ឋកិច្ចសកល ដែលបានធ្លាក់ចុះក៏បានបង្ហាញដែរថា តម្រូវការទំនិញរបស់ចិនធ្លាក់ចុះកាន់តែទាប ធ្វើឱ្យទស្សនវិស័យសេដ្ឋចិច្ចចុះខ្សោយថែមទៀត។ ប៉ុន្តែប្រធានផ្នែកស្រាវជ្រាវរបស់មូលនិធិ IMF លោក ដាញ៉ែល ឡេក (Daniel Leigh) បាននិយាយថា មូលនិធិនេះបានចាត់ទុកការសន្យារបស់ទីក្រុងប៉េកាំងក្នុងការជំរុញសេដ្ឋកិច្ចនាពេលថ្មីៗនេះថា ជាជំហានវិជ្ជមានមួយ។

សូមបញ្ជាក់ថា បើតាម IMF ប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងតំបន់អាស៊ី នឹងក្លាយជាអ្នករុញកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ខណៈដែលប្រទេសសេដ្ឋកិច្ចជឿនលឿន កំពុងមានការថយចុះកំណើនសេដ្ឋកិច្ច។ IMF បានព្យាករថា សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍនៅអាស៊ីនឹងមាន ៥,៣% នៅឆ្នាំនេះ ធៀបនឹងឆ្នាំមាន៤,៥%។ ក្នុងនោះ សេដ្ឋកិច្ចប្រទេសធំៗទាំង៥នៅអាស៊ានរួមមាន ឥណ្ឌនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ត្រូវបានព្យាករថានឹងមានកំណើន៤,៦%៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


លោកឧកញ៉ា ជាម ឃុនណាត និង លោកជំទាវ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន និង លោកជំទាវ បានប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជ…

វិស័យឯកជនថៃថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាល កំពុងតែធ្វើឲ្យថៃប្រឈមមុខ នឹងការខាតបង់ដ៏ច្រើន

វិស័យឯកជននៅក្នុងប្រទេសថៃកាន់តែបង្ហាញនូវការព្រួយបារម្ភចំពោះការពន្យារពេលបន្ថែមទៀត ក្នុងការបង្កើតរដ្ឋាភិបាលថៃថ្មីនៅក្នុងប្រទេសនេះ ដោយអះអាងថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ