វិស័យសេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា សន្ទុះសេដ្ឋកិច្ចអាម៉េរិក កំពុងបង្អង់ល្បឿន ប៉ុន្តែបានច្រានចោលលទ្ធភាពធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មើលឃើញសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងតែបង្អង់ល្បឿននៅឆ្នាំ២០២៥ នេះ ដោយសារតែគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែបានច្រានចោលលទ្ធភាពដែលប្រទេសមហាអំណាចធំបំផុតទី១ របស់ពិភពលោកមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យសេដ្ឋកិច្ច
ដោយ

លោកស្រី ជូលី កូហ្សែក (Julie Kozack) អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ មានសមាជិក១៩០ប្រទេស និងមានការិយាល័យកណ្ដាលនៅវ៉ាស៊ីនតុន ឌីស៊ី បានឱ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ មើលឃើញសន្ទុះសេដ្ឋកិច្ចអាម៉េរិក ពេលនេះ កំពុងបង្អង់ល្បឿនពីសន្ទុះខ្លាំងបំផុតពីឆ្នាំ២០២៤ ដោយសារតែការផ្លាស់ប្ដូរគោលនយោបាយ ជាពិសេសការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ មួយនេះមិនរំពឹងថា សហរដ្ឋអាម៉េរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនោះឡើយ។

លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយខ្ពស់លើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាម៉េរិក ដូចជា កាណាដា ម៉ិកស៊ិក និងប្រទេសចិន ជាដើម ហើយអាចនឹងដាក់លើប្រទេសជាច្រើនទៀតនៅត្រឹមថ្ងៃទី២ ខែមេសា ដ៏ខ្លីខាងមុខនេះ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានកំណត់គោលដៅដំឡើងពន្ធក្នុងឧស្សាហកម្មសំខាន់ៗ ដូចជាឧស្សាហកម្មផលិតរថយន្ត និងឧស្សាហកម្មផលិតរួមមានដែកថែប និងអាលុយមីញ៉ូម ជាដើម ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីជួយស្ដារឧស្សាហកម្មផលិតក្នុងស្រុក ព្រមទាំងបង្កើនការងារសម្រាប់ពលរដ្ឋអាម៉េរិក ផងដែរ។

ទន្ទឹមនេះ ការិយាល័យថវិកាសភាអាម៉េរិក បានព្យាករថា ឱនភាពថវិកាសហព័ន្ធ និងបំណុលសាធារណៈរបស់សហរដ្ឋអាម៉េរិក នឹងកើនឡើងខ្លាំងនៅរយៈពេល៣០ឆ្នាំខាងមុខ ដោយសារតែអត្រាការប្រាក់កាន់តែខ្ពស់ កំណើនសេដ្ឋកិច្ចទាប និងកម្លាំងពលកម្មធ្លាក់ចុះជាលំដាប់។

ឱនភាពថវិកាសហព័ន្ធត្រូវបានព្យាករថា នឹងកើនឡើងពី៦,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៥ ឈានដល់៧,៣%នៃ GDP នៅត្រឹមឆ្នាំ២០៥៥។ ទន្ទឹមនេះ បំណុលសាធារណៈរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងកើនឡើងពី១០០% នៃ GDP របស់ប្រទេសនេះ ក្នុងឆ្នាំ២០២៥ ឈានដល់១៥៦%នៃ GDP នៅត្រឹមឆ្នាំ២០៥៥៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន រកឃើញកំណប់រ៉ែមាសធំៗពីរកន្លែង ដែលមានទម្ងន់រហូតដល់២ពាន់តោន

រដ្ឋាភិបាលចិន ប្រកាសពីការរកឃើញកំណប់រ៉ែមាសដ៏ធំបំផុតចំនួន២កន្លែងមានទម្ងន់រហូតដល់២ពាន់តោននៅភាគកណ្ដាល និងភាគឦសាននៃប្រទេសចិន តាមរយៈការប្…

តើរបបសឹកមីយ៉ាន់ម៉ា អាចដឹកនាំប្រទេសឆ្ពោះទៅរកការបោះឆ្នោតបានមុនដំណាច់ឆ្នាំនេះ បានឫទេ?

របបប្រជាធិបតីសេរីរបស់មីយ៉ាន់ម៉ា ដែលត្រូវបានសម្លាប់ដោយរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ត្រូវបានមេដឹកនាំយោធាសន្យាថា នឹងខិតខំស្តារឡើងវិញឲ្យប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ