
របាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបជាង១២ម៉ឺននាក់ ដោយក្នុងនោះ មានប្រមាណ២ពាន់ករណី ជាប្រភេទអូមីក្រុង ដែលបាននាំចូល និងប្រមាណ៧៨០ករណី ជាប្រភេទអូមីក្រុងដែលឆ្លងចូលសហគមន៍ ហើយថ្មីៗនេះ ករណីឆ្លងអូមីក្រុងត្រូវបានរកឃើញដល់ទៅជាង១០០នាក់ក្នុងមួយថ្ងៃ។ ទោះយ៉ាងណា ក្នុងរយៈពេលជាច្រើនសប្ដាហ៍ជាប់ៗគ្នាមកនេះ កម្ពុជាមិនមានករណីស្លាប់ដោយសារកូវីដ១៩នោះទេ។
បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ចំនួន១១២នាក់ ហើយនៅថ្ងៃទី៦ ខែកុម្ភៈ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១១១នាក់ បន្ថែមទៀត ដោយសុទ្ធសឹងជាករណីមេរោគអូមីក្រុងទាំងអស់។
យ៉ាងណាក៏ដោយចុះ គិតមកដល់ពេលនេះ ចំនួនអ្នកចាក់វ៉ាក់សាំងគ្រប់២ដូសនៅកម្ពុជា សម្រេចបានប្រមាណ ៩០ភាគរយហើយ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ជូនដល់ប្រជាពលរដ្ឋផងដែរ៕