ហាងឆេងមាសនៅលើទីផ្សារពិភពលោកបានហក់ឡើងថ្លៃជាថ្មីដល់ជាង៣ពាន់២រយដុល្លារក្នុង១តម្លឹង បន្ទាប់ពីវាបានធ្លាក់ចុះនៅក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំ២០២៤ ខណៈដែលនៅទីផ្សារអាម៉េរិក មាសមួយតម្លឹងថ្លៃជាងទីផ្សារអន្តរជាតិ ជិត៣០ដុល្លារអាម៉េរិក។ ការកម្រើកឡើងវិញនៃតម្លៃមាសនេះ បានកើតឡើងក្រោយធនាគារកណ្តាលចិន បានប្រកាសប្រមូលទិញមាសបញ្ចូលស្តុកជាថ្មី បន្ទាប់ពីបានផ្អាកទិញចូល៦ខែកន្លងមកនេះ គួបផ្សំបញ្ហាចលាចលនៅប្រទេសស៊ីរី និងការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។
លោក បាត មីឡិក (Bart Melek) អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន TD Securities បាននិយាយថា ទីផ្សារមាសកំពុងទទួលបានក្តីសង្ឃឹមឡើងវិញហើយ បន្ទាប់ពីធនាគារកណ្តាលចិន បើកការនាំចូលមាសឡើងវិញ ហើយគេរំពឹងថា ធនាគារកណ្តាលរបស់ប្រទេសផ្សេងៗនឹងបង្កើនការនាំចូលមាសមកស្តុកទុកបន្ថែមទៀតផងដែរ។
បច្ចុប្បន្នក្រុមអ្នកជួញដូរមាស កំពុងតាមដានការវិវត្តន៍ទៅមុខនៃសភាពការនយោបាយក្នុងប្រទេសស៊ីរី ក្រោយការដួលរលំរបស់របបលោក បាសា អាល់អាសាត មិនគួរឱ្យជឿកាលពីពេលថ្មីៗ។ ក្រុមអ្នកវិភាគទីផ្សារបានអះអាងថា ការប្រែប្រួលណាមួយនៃស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅស៊ីរី ក៏នឹងប៉ះពាល់ដល់ស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាក្នុងកម្រិតណាមួយផងដែរ។
ដោយឡែក ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់ ដែលគ្រោងធ្វើនៅក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃទី១៧ និង១៨ ខែធ្នូ ក៏ជាមន្ទិល ដែលនាំឱ្យតម្លៃមាសនៅតែបន្តឡើងថ្លៃបន្ថែមទៀតផងដែរ៕