ការឡើងថ្លៃតម្លែប្រេងឥន្ធនៈនៅកម្ពុជានេះ បានកើតឡើងក្រោយតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃជាង៨០ដុល្លារអាមេរិកក្នុង១ធុងបារ៉ែល នៅមួយរយៈចុងក្រោយ បន្ទាប់ពីតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅលើសកលលោកមានការកើនឡើង ក្រោយការស្ទុះងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច។
តម្លៃលក់រាយប្រេងសាំងធម្មតា និងម៉ាស៊ូតនៅកម្ពុជាបានបន្តឡើងថ្លៃ២០០រៀលក្នុង១លីត្របន្ថែមទៀតចាប់ពីថ្ងៃទី១៦-៣១ ខែតុលា ឆ្នាំ២០២១ ក្នុងនោះប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ៤,៣០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៤,០០០រៀលក្នុង១លីត្រ។ ខណៈកាលពីថ្ងៃទី១-១៥ ខែតុលា ប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៤,១០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញ៣,៨០០រៀលក្នុង១លីត្រ។
ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះ គឺវាអាស្រ័យលើការកើនឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មធ្លាប់បានអះអាងកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មគ្មានសិទ្ធិកំណត់ ឬដំឡើងថ្លៃប្រេងឥន្ធនៈនោះទេ ពោលគឺក្រសួងគ្រាន់តែជាអ្នកជួយសម្របសម្រួល នីតិវិធីដល់វិស័យឯកជនតែប៉ុណ្ណោះ។
បើតាមតារាងតម្លៃប្រេងឆៅរបស់អង្គការ OPEC តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានបន្តឡើងថ្លៃជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ។ ពោលគឺបានហក់ឡើងពី៧៦ដុល្លារអាមេរិកក្នុង១ធុងបារ៉ែលដល់ជាង៨២ដុល្លារអាមេរិកក្នុង១ធុងបារ៉ែល។ បច្ចុប្បន្នតម្លៃប្រេងឆៅលើទីផ្សារសហរដ្ឋអាមេរិកលក់ចេញក្នុងរង្វង់៨២ដុល្លារអាមេរិកក្នុង១ធុងបារ៉ែល ខណៈនៅអង់គ្លេសលក់ចេញជិត៨៥ដុល្លារអាមេរិកក្នុង១បារ៉ែល ។ អ្នកជំនាញវាយតម្លៃថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិអាចហក់ឡើងដល់៩០ដុល្លារក្នុងមួយធុងបារ៉ែលនៅចុងឆ្នាំ២០២១ នេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ មូលហេតុ ដែលធ្វើឲ្យតម្លៃប្រេងឆៅសកលមានការកើនឡើងដូចនេះ ក៏ដោយសារតែ តម្លៃនៃលុយផោនមានការធ្លាក់ចុះ គួបផ្សំនឹងវិបត្តិថាមពលដែលកំពុងកើតមាននៅតំបន់អឺរ៉ុប។ មួយវិញទៀតដោយសារតម្រូវការប្រើប្រាស់ប្រេងមានការកើនឡើង គួបផ្សំការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសធំៗមួយចំនួន៕