ថ្លែងនាពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលមិនមែនមិនអើពើនិងដេកមើលការលំបាករបស់ប្រជាជន ដែលជួបបញ្ហាក្នុងវិស័យអចលនទ្រព្យដូចការរិះគន់មួយចំនួនតូចនោះទេ។ ជាក់ស្តែង សម្តេចធិបតី បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ និងបានធ្វើការជាប្រចាំជាមួយម្ចាស់បុរី និងប្រជាពលរដ្ឋដែលជាអ្នកទិញ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋរាប់ម៉ឺននាក់បាននិងកំពុងទទួលបានការជួយដោះស្រាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងពិភាក្សាជាមួយវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាពឱ្យម្ចាស់បុរីអាចមានដើមទុនសម្រាប់បន្តអភិវឌ្ឍន៍គម្រោងជូនអតិថិជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្ទួនៗបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យជាសកលតែម្តង មិនមែនជួបប្រទះតែកម្ពុជានោះទេ។ តែយ៉ាងណាក៏ដោយ សម្តេចធិបតី អះអាងថា មកដល់ពេលនេះ ក៏មានក្រុមហ៊ុនបុរីលំនៅដ្ឋានមួយចំនួន បានបន្តដំណើរការគម្រោងរបស់ខ្លួនឡើងវិញជាបណ្ដើរៗផងដែរ ដូចនេះហើយសម្ដេចជឿជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានានា ដោយគោលដៅធំរាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មានលំនឹងក្នុងការបន្តកសាង និងប្រគល់ផ្ទះជូនអតិថិជន និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕