លោកស្រី Harris ដែលជាអនុប្រធានាធិបតីអាមេរិកបានជួបផ្ទាល់ជាមួយលោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីបានមកដល់រដ្ឋធានីសេអូលរបស់កូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃទី ២៩ខែកញ្ញា ចំពេលមានភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើង និងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងសកម្មភាពយោធាចិននៅច្រកសមុទ្រតៃវ៉ាន់ផងនោះ។
បើតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី២៨ខែកញ្ញា គឺមួយថ្ងៃមុនពេលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris មកដល់ទីក្រុងសេអ៊ូល។ ហើយការបាញ់បង្ហោះនេះ បានធ្វើឡើងពីរថ្ងៃបន្ទាប់ពីកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាមួយនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង។ ដោយឡែក កាលពីថ្ងៃទី ២៥ខែកញ្ញា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀត ឆ្ពោះទៅសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួនផងដែរ។
តាមកងនាយសេនាធិការចម្រុះកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ប្លោងកាលពីថ្ងៃទី២៨ខែកញ្ញានេះ ត្រូវបានបាញ់ចេញពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង នៅម៉ោង ៦ ល្ងាច ដែលមីស៊ីលនោះហោះបានចម្ងាយ ៣៦០គីឡូម៉ែត្រ ដែលមានរយៈកម្ពស់៣០គីឡូម៉ែត្រ និងមានល្បឿនជាង ៧៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ភ្លាមៗ សេតវិមានអាមេរិកបានថ្លែងថា លោកស្រី Harris និង Yoon បានថ្កោលទោសចំពោះ «វោហាសាស្ត្រនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលមានលក្ខណៈបង្កហេតុ និងញុះញង់» របស់ទីក្រុងព្យុងយ៉ាង ហើយបានបញ្ជាក់ជាថ្មីថា វាមិនគួរកើតឡើងម្តងហើយម្តងទៀតលើឧបទ្វីបកូរ៉េឡើយ ដោយទង្វើនេះបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងស្រុង ព្រមទាំងប្រាសចាកពីគោលដៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។
យ៉ាងណាក៏ដោយ បើយោងតាមកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន (MSDF) បាននិយាយនៅថ្ងៃទី ២៩ខែកញ្ញាដែរថា កងកម្លាំងជើងទឹករបស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃទី ៣០ខែកញ្ញាថែមទៀតផង ដែលសមយុទ្ធនេះ រួមមានសមយុទ្ធប្រឆាំងនាវាមុជទឹក ដោយនឹងត្រូវធ្វើឡើងនៅសមុទ្រជប៉ុនតែម្តង។
មែនទែនទៅ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលក្នុងល្បឿនមិនធ្លាប់មានក្នុងឆ្នាំនេះ និងជារឿយៗតែងបង្កភាពតាមប្រទូសរ៉ាយពីសំណាក់ទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ព្រមទាំងប្រទេសជប៉ុនជាដើម។
សមាជិកសភាកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃទី ២៨ ខែកញ្ញាថា ប្រទេសឯកោមួយនេះ បានធ្វើការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលអាចនឹងធ្វើឡើងចំពេលសមាជបក្សកិម្មុយនីសចិនក្នុងខែតុលាខាងមុខនេះតែម្ដង៕